សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ក្រសួងការបរទេសចិនអះអាងថា ចិនរំពឹងទុកពីការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរតាមរយៈដំណើរទស្សនកិច្ចលើកនេះ

CRI, September 13, 2023
Size:

     តបតាមការអញ្ជើញរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ។ ថ្ងៃទី ១១ ខែកញ្ញា ខណៈពេលឆ្លើយសំណួរពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនរំពឹងទុកពីការគ្រោងផែនការទូទៅអំពីកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាក្នុងមួយរយៈកាលខាងមុខ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ។

      ក្នុងអំឡុងដំណើរទស្សនកិច្ចលើកនេះ លោក Xi jinping ប្រធានរដ្ឋចិននឹងជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ចំណែកលោក Li Qiang និងលោក Zhao Leji ក៏នឹងជួបពិភាក្សាដោយឡែកពីគ្នាជាមួយសម្តេចធិបតីផងដែរ ។

      លោកស្រី Mao Ning បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះ ជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រី ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា ។ ឆ្នាំនេះគាប់ជួនជាខួបទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា ប្រទេសចិនរំពឹងទុកពីការគ្រោងផែនការទូទៅអំពីកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាក្នុងមួយរយៈកាលខាងមុខ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតីលើកនេះ ជាពិសេសគឺជំរុញឱ្យគំនិតផ្តួចផ្តើមកិច្ចសហប្រតិបតិ្តការដូចជា “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា”និង “ច្រករបៀងត្រីនិងអង្ករ”ជាដើមឱ្យទទួលបានប្រសិទ្ធភាពក្នុងពេលឆាប់ៗ ដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី ៕