លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមដំណាក់កាលទី៣នៃកិច្ចប្រជុំកំពូល ក្រុមប្រទេសG20 លើកទី១៨

CRI, September 12, 2023
Size:

នាព្រឹកថ្ងៃទី១០ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមកិច្ចប្រជុំដំណាក់កាលទី៣ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី១៨ នៅទីក្រុង ញូវដេលី ប្រទេសឥណ្ឌាព្រមទាំងថ្លែងសុន្ទរកថា។

លោក Li Qiang បានថ្លែងថា ប្រធានបទនៃកិច្ចប្រជុំដំណាក់កាលនេះគឺ "អនាគតតែមួយ"។ មានតែធ្វើការងារបច្ចុប្បន្នឱ្យបានល្អ ទើបអាចមានអនាគតកាន់តែល្អប្រសើរ។ បញ្ហាសំខាន់បំផុតនាពេលបច្ចុប្បន្ននេះគឺការអភិវឌ្ឍ។ យើងគួរតែតម្កល់ទុកបញ្ហាអភិវឌ្ឍន៍ជាអាទិភាពនៃការសម្របសម្រួលគោលនយោបាយម៉ាក្រូ បង្កើតយន្តការកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត និងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងបញ្ហាប្រឈមក្នុងការអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង ដូចជាការកាត់បន្ថយភាពក្រីក្រ ប្រមូលមូលនិធិ បម្រែបម្រួលអាកាសធាតុ និងសន្តិសុខស្បៀងអាហារ និងថាមពលជាដើម។ អនុវត្តពហុភាគីនិយមពិតប្រាកដ កសាងទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍សកល និងបង្កើតបរិយាកាសអន្តរជាតិប្រកបដោយសុវត្ថិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍរួម។

មេដឹកនាំដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ក្រុមប្រទេសG20 គួរតែបង្ហាញពីកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ខ្លួន ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព និងតម្កល់មនុស្សជាស្នូល ធានានូវកម្មវិធីបច្ចេកវិទ្យាឌីជីថល ដូចជាភាពឆ្លាតវៃសិប្បនិម្មិតជាដើមអាចជំរុញសុខុមាលភាពរបស់មនុស្សជាតិ។

កិច្ចប្រជុំកំពូលលើកនេះបានអនុម័ត "សេចក្តីប្រកាសកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ទីក្រុងញូវដេលី" ៕