វេទិកាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរុក្ខកម្មតាមបណ្តោយទន្លេឡានឆាង-មេគង្គលើកទី ១ ប្រារឰនៅក្រុងគុនមីងនៃខេត្តយូណាន

lmcchina.org, September 11, 2023
Size:

នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ វេទិកាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរុក្ខកម្មតាមបណ្តោយទន្លេឡានឆាង-មេគង្គលើកទី ១ ដែលរៀបចំដោយសាកលវិទ្យាល័យរុក្ខកម្មនិរតី និងអង្គការស្តារ និងគ្រប់គ្រងព្រៃឈើដោយចីរភាព អាស៊ី-ប៉ាស៊ីហ្វិក បានប្រារឰនៅក្រុងគុនមីងនៃខេត្តយូណានប្រទេសចិន ក្រោមប្រធានបទ“ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ រួមគ្នាអភិវឌ្ឍតំបន់ឡានឆាង-មេគង្គបៃតងដ៏ស្រស់ស្អាត”។ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំនួន ១៤ ប្រធានបណ្ឌិត្យសភាឬវិទ្យាស្ថានស្រាវជ្រាវរុក្ខកម្ម អ្នកជំនាញការ និងមន្ត្រីរាជការនៃប្រទេសឡាវ កម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម និងចិន សរុប ១៦០ នាក់ បានអញ្ជើញចូលរួមក្នុងវេទិកានេះ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាសំខាន់ៗនៃការអប់រំ និងសិក្សាស្រាវជ្រាវពីវិស័យរុក្ខកម្ម ព្រមទាំងកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យរុក្ខកម្ម និងការអភិវឌ្ឍរុក្ខកម្មក្នុងតំបន់ទន្លេឡានឆាង-មេគង្គ។


តំបន់ទន្លេឡានឆាង-មេគង្គសម្បូរធនធានព្រៃឈើ ហើយការគ្រប់គ្រងធនធានព្រៃឈើដោយចីរភាពគឺជារបបអេកូឡូស៊ីសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមទន្លេឡានឆាង-មេគង្គ។ ក្រោមបរិការណ៍នៃការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍជាសាកល ការអភិវឌ្ឍវិស័យរុក្ខកម្មកាន់តែមានខ្លឹមសារសម្បូរបែប និងភារកិច្ចចាំបាច់។ វេទិកានេះនឹងដើរតួនាទីជាស្ពានដ៏សំខាន់មួយ សំដៅស្វែងរកមាគ៌ាអភិវឌ្ឍការអប់រំបែបនវានុវត្តន៍ថ្មីក្រោមបរិបទនៃការធ្វើសាកលភាវូបនីយកម្ម ជំរុញការធ្វើបដិវត្តន៍លើវិស័យអប់រំរុក្ខកម្ម និងការស្រាវជ្រាវវិទ្យាសាស្ត្ររុក្ខកម្ម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងតំបន់ឡានឆាង-មេគង្គ។

វេទិកានេះគឺជាសកម្មភាពជាក់ស្តែងមួយសម្រាប់ការអនុវត្តតាមគំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ” និងគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសាកល ដែលនឹងអាចជួយផ្សព្វផ្សាយពីទស្សនទាននៃការអភិវឌ្ឍ និងការអប់រំលើវិស័យរុក្ខកម្មចិន ព្រមទាំងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរុក្ខកម្មក្នុងតំបន់ឡានឆាង-មេគង្គ។