លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី

CRI, September 11, 2023
Size:

នាព្រឹកថ្ងៃទី ៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី 

លោក Li Qiang បានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-ឥណ្ឌូណេស៊ីបានរក្សានិន្នាការអភិវឌ្ឍដ៏រឹងមាំ ។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសឥណ្ឌូណេស៊ី ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងបន្ថែមទៀតនូវការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ជំរុញការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ ដើម្បីបំពេញបន្ថែមកម្លាំងចលករដល់ស្ថិរភាព និងវិបុលភាពក្នុងតំបន់ជាបន្តបន្ទាប់ ។

លោកបានលើកឡើងថា ទី១ ត្រូវបង្កើនការកសាងទំនុកចិត្តជាយុទ្ធសាស្រ្តយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំក្នុងការរួមគ្នាកសាងសហគមន៍រួមវាសនា ។ ទី២ ត្រូវបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរឹតចំណងផលប្រយោជន៍ក្នុងការកសាងសហគមន៍រួមវាសនា ។ ទី៣ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌពហុភាគីឱ្យកាន់តែជិតស្និទ្ធ ដើម្បីបំពេញបន្ថែមខ្លឹមសារនៃយុគសម័យដល់ការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-ឥណ្ឌូណេស៊ី ។

ជាការឆ្លើយតប លោក Widodo បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យនានា ដូចជាពាណិជ្ជកម្មនិងការវិនិយោគ កសិកម្ម មុខរបរនេសាទ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ថាមពលថ្មី ទេសចរណ៍ និងវេជ្ជសាស្រ្តជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី