លោកZhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាការងារជាមួយលោក Xaysomphone Phomvihaneប្រធានរដ្ឋសភាឡាវ

CRI, September 6, 2023
Size:

លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោកXaysomphone Phomvihane ប្រធានរដ្ឋសភាឡាវនៅវិមានសភាប្រជាជននៅក្រុងប៉េកាំងនារសៀលថ្ងៃទី៤ ខែកញ្ញា។

លោក Zhao Leji បានលើកឡើងថា ប្រទេសចិន និងឡាវ គឺជាប្រទេសសង្គមនិយមដែលមានទឹកដីជាប់គ្នា និងជាសហគមន៍រួមវាសនាដែលមិនអាចបំបែកបាន។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ថងលូន ប្រធានរដ្ឋឡាវ ការកសាងសហគមន៍រួមវាសនាចិន-ឡាវបានឈានដល់កម្រិតថ្មីជាបន្តបន្ទាប់។ ប្រទេសចិនមានឆន្ទៈរួមសហការជាមួយប្រទេសឡាវយ៉ាងជិតស្និទ្ធក្នុងការសម្រេចគំនិតឯកភាពរួមដ៏សំខាន់រវាងមេដឹកនាំកំពូលនៃគណបក្សទាំងពីរនិងប្រទេសទាំងពីរឱ្យទៅជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរជូនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Xaysomphone Phomvihaneបានថ្លែងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងឡាវនិងចិនបានមានភាពរឹងមាំជាប់រហូតមក ទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងយ៉ាងស៊ីជម្រៅជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានសមិទ្ធផលជាផ្លែផ្កា។ គំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនឡាវ។ ផ្លូវដែកឡាវ-ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឡាវ។ រដ្ឋសភាឡាវមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងរួមចំណែកក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឡាវ-ចិន និងការកសាងសហគមន៍រួមវាសនាឡាវ-ចិន៕