សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងឯកឧត្តមហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីចាត់តាំងនៃកម្ពុជាជួបពិភាក្សាការងារជាមួយលោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន

CRI, August 14, 2023
Size:

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ តាមម៉ោងក្នុងតំបន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាការងារជាមួយលោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះលោកប្រធានរដ្ឋចិន Xi Jinping ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ចិន ដោយបានផ្ញើសារលិខិតអបអរសាទរ និងចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាភ្លាមៗបន្ទាប់ពីការបោះឆ្នោតនៅកម្ពុជា ដែលបានបង្ហាញយ៉ាងពេញលេញនូវការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះកម្ពុជា និង មិត្តភាពដែកថែបរវាងកម្ពុជានិងចិន។ការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" រវាងកម្ពុជានិងចិនបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា រំពឹងថាអាចធ្វើកាជាមួយប្រទេសចិន ដើម្បីអនុវត្តគំនិតឯកភាពស្តីពីកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”ជំរុញការកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង “ច្រករបៀងត្រី និងស្រូវ” ក៏ដូចជាពន្លឿនការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការរបស់កម្ពុជា។

នាថ្ងៃដដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីចាត់តាំងនៃកម្ពុជាបានជួបពិភាក្សាការងារជាមួយលោកWang Yi នៅរាជធានីភ្នំពេញ។ ឯកឧត្តមហ៊ុន ម៉ាណែតបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនឹងអនុលោមតាមគោលនយោបាយសំខាន់ៗដែលដាក់ចេញដោយគណបក្សកាន់អំណាច ដើម្បីរក្សានិរន្តរភាពនិងស្ថិរភាពនៃគោលនយោបាយក្នុងស្រុក អភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយចិនដោយមិនងាករេ និងបន្តផ្សព្វផ្សាយនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន។ កិច្ចការតៃវ៉ាន់ ស៊ីនជាំង ទីបេ និងហុងកុង សុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រទេសកម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។

លោក Wang Yi បានពាំនាំនូវការសួរសុខទុក្ខដ៏ស្និទ្ធស្នាលអំពីថ្នាក់ដឹកនាំចិន និងសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះដ៏លើសលប់ក្នុងការបោះឆ្នោត ហើយក៏អបអរសាទរចំពោះឯកឧត្តមហ៊ុន ម៉ាណែតដែលបានត្រូវចាត់តាំងជានាយករដ្ឋមន្រ្តីថ្មី។ប្រទេសចិនមានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ធ្វើការជាមួយមិត្តកម្ពុជាដើម្បីជំរុញភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ហើយឆ្ពោះទៅកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕