លោក Wang Yiនឹងអញ្ជើញបំពេញទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ីនិងកម្ពុជា

CRI, August 10, 2023
Size:

         លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅល្ងាចថ្ងៃទី៩ខែសីហាថា  តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ព្រមទាំងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា  លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ីនិងកម្ពុជាពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែសីហានេះ។

        ពេលឆ្លើយតបសំណួររបស់អ្នកកាសែតក្នុងថ្ងៃដដែលនេះ  អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា៖ ឆ្នាំ២០២៣នេះជាខួប១០ឆ្នាំដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងពីគំនិតកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិនិងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”  ប្រទេសអាស៊ានបាននិងកំពុងដើរតាមមាគ៌ាឈានមុខក្នុងការអនុវត្តគំនិតសហគមន៍រួមវាសនារបស់មនុស្សជាតិ  ហើយជាដៃគូសំខាន់នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”របស់ចិន។ បច្ចុប្បន្ន ចិននិងប្រទេសទាំងបី ពោលគឺសិង្ហបុរី ម៉ាឡេស៊ីនិងកម្ពុជា បានរក្សានិន្នាការអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរ។ ចិននិងសិង្ហបុរីបានបង្កើតទំនាក់ទំនងភាពជាដៃគូទស្សនវិស័យគ្រប់ជ្រុងជ្រោយដែលប្រកបដោយគុណភាពខ្ពស់  ចិននិងម៉ាឡេស៊ីបានឯកភាពគ្នាអំពីការរួមគ្នាកសាងសហគមន៍រួមវាសនា   ហើយនិងកម្ពុជាកំពុងសកម្មរួមគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងមានស្តង់ដាខ្ពស់។  

      អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ភាគីចិនសង្ឈឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ អាចបង្កើនការផ្លាស់ប្តូរខាងយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ានទាំងបីនេះ អនុវត្តជាក់ស្តែងនូវការកំណត់ទិសដៅថ្មីនៃទំនាក់ទំនងរវាងចិននិងសិង្ហបុរី ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងម៉ាឡេស៊ី រវាងចិននិងកម្ពុជា ឱ្យមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាថែមទៀត  បន្តជំរុញការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”  ប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីដោយឥតឈប់ឈរ។ភាគីចិនក៏មានឆន្ទៈរួមជាមួយប្រទេសទាំងបីនេះ  ដើម្បីជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល   ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ គាំពារសន្តិភាពនិងស្ថិរភាព ពង្រីកការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ក្នុងន័យរួមចំណែកកាន់តែធំដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាព ក្នុងតំបន់និងទូទាំងពិភពលោក៕