សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធាន អញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការនូវផ្លូវក្រវាត់ក្រុងទី ៣ ក្នុងរាជធានីភ្នំពេញ

lmcchina.org, August 7, 2023
Size:

នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការនូវផ្លូវក្រវាត់ក្រុងទី ៣ ក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានទទួលសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយបានទទួលនូវការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបានកំណត់ផែនការបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។ ឆ្នាំនេះជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។ ភាគីចិនបានអះអាងសាជាថ្មីអំពីការគាំទ្រឥតងាករេចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជាស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីរក្សាឯករាជ្យភាព អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និងលើកកម្ពស់ជាបន្តបន្ទាប់នៃរបៀបវារៈនយោបាយជាតិសំខាន់ៗរបស់កម្ពុជា ហើយប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្តល់ដល់កម្ពុជានូវជំនួយឧបត្ថម្ភដ៏មានតម្លៃ។ សម្តេចតេជោបានមានប្រសាសន៍ថា ផ្លូវក្រវាត់ក្រុងទី ៣ នៃរាជធានីភ្នំពេញនឹងអាចផ្សារភ្ជាប់នូវផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ និងលេខ ២១ ព្រមទាំងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិតដែលនឹងអាចត្រូវបានសាងសង់នាពេលខាងមុខ។ ផ្លូវនេះនឹងអាចដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យចរាចរណ៍នៃប្រទេសកម្ពុជា។

ផ្លូវក្រវាត់ក្រុងទី ៣ នៃរាជធានីភ្នំពេញនេះមានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ដែលមានគន្លងរថយន្តទៅមកចំនួន ៤ និងមានផ្លូវសម្រាប់ម៉ូតូចំនួន ២។ ផ្លូវនេះមានទុនវិនិយោគសរុប ២៧០ លានដុល្លារអាមេរិក ដែលទទួលការគាំទ្រពីប្រទេសចិនតាមទម្រង់“ឥណទានអនុគ្រោះនៃការនាំចេញរបស់អ្នកទិញ” និងទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនសំណង់ក្រុងសៀងហៃ គ្រុប។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅខែមីនា ឆ្នាំ ២០១៩ និងបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ ២០២៣។