ការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគដើម្បីថ្ងៃអនាគត

CRI, August 3, 2023
Size:

       ចាប់ពីចូលឆ្នាំនេះមក  ដើមទុនបរទេសបាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន។ជំនឿចិត្តរបស់ពួកគេត្រូវបានកំណត់បញ្ជាក់បន្ថែមទៀតនៅក្នុងទិន្នន័យសេដ្ឋកិច្ចជាតិឆមាសទី១ឆ្នាំ២០២៣ដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី១៧ខែកក្កដា។តាមរយៈការគណនាជាជំហានដំបូង  GDPរបស់ប្រទេសចិនក្នុងឆមាសទី១ឆ្នាំ២០២៣មានចំនួន៥៩,៣០៣៤ទ្រីលានយាន់ប្រាក់ចិន   បើគិតតាមតម្លៃថេរ  បានកើនឡើង៥.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។  ល្បឿនកំណើននេះគឺលឿនជាងអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍សំខាន់ៗលើពិភពលោក ហើយប្រទេសចិនបន្តក្លាយជាក្បាលម៉ាស៊ីននៃកំណើនពិភពលោកទាំងមូលតទៅទៀត។

      បើនិយាយចំពោះដើមទុនបរទេស   ជាបឋម ប្រការនេះមានន័យថា ចិនមានឱកាសទីផ្សារដ៏ធំធេង។ បើមើលពីទីផ្សារប្រើប្រាស់អាចឃើញថា ក្នុងឆមាសទី១ឆ្នាំ២០២៣  ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមប្រទេសចិនមានចំនួន២២.៧៥៨៨ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើង៨.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២  ហើយបានកើនឡើង២.៤ភាគរយបើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២៣។

       អ្វីដែលដើមទុនបរទេសទទួលបានគឺជាប្រាក់ចំណូលពិត។ យោងតាមការគណនាពីរដ្ឋបាលជាតិគ្រប់គ្រងរូបិយប័ណ្ណនៃប្រទេសចិនឱ្យដឹងថា  ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ  អត្រាទទួលបានផលកម្រៃនៃការវិនិយោគទុនរបស់ពាណិជ្ជករបរទេសនៅប្រទេសចិនមានចំនួន៩.១ភាគរយ   បើវិនិយោគនៅអឺរ៉ុបនិងអាមេរិកណុះ ទិន្នន័យនេះប្រហែលជា៣ភាគរយ   រីឯអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីគឺប្រហែលពី៤ភាគរយទៅ៨ភាគរយ។  តាំងពីចូលឆ្នាំ២០២៣នេះមក  ប្រទេសចិនបានជំរុញយ៉ាងសកម្មនូវការកសាងប្រព័ន្ធទីផ្សារប្រកបដោយស្តង់ដារខ្ពស់  ពន្លឿនការកសាងទីផ្សារបង្រួបបង្រួមទូទាំងប្រទេស  ពង្រីកការបើកចំហផ្នែកប្រព័ន្ធរបបជាលំដាប់ ហើយពន្លឿនការបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មដែលប្រកបដោយលក្ខណៈទីផ្សារភាវូបនីយកម្ម  និយតកម្មនិងអន្តរជាតូបនីយកម្ម។ ក្នុងបរិបទបែបនេះអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃសហគ្រាសពហុជាតិដូចជាMicrosoft  Appleនិងក្រុមហ៊ុនប្រេងកាតជាតិអារ៉ាប៊ីសាអូឌីតជាដើមសុទ្ធតែបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន។

     នាពេលបច្ចុប្បន្ន  "ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ការដំណើរការនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល" បានក្លាយទៅជាចំណុចឯកភាពរួមរបស់ឥស្សរជនអន្តរជាតិជាច្រើន។ ក្នុងឆមាសទី១ឆ្នាំ២០២៣  ទំហំសរុបនៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញរបស់ប្រទេសចិនមានចំនួន២០.១ទ្រីលានយាន់ប្រាក់ចិនដែលលើសពី២០ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងនៅក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ ដែលកើនឡើង២.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ក្នុងបរិបទនៃការបង្អង់ល្បឿនយ៉ាងខ្លាំងនៃតម្រូវការអន្តរជាតិ សមិទ្ធផលនេះគឺទទួលបានដោយមិនងាយទេ។

      ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងអភិបាលកិច្ចសកលជាបន្តបន្ទាប់  ហើយក៏បាននាំមកនូវភាពងាយស្រួលជាច្រើនដល់ទុនបរទេសផងដែរ។ ពេលថ្មីៗនេះ  ការចរចាអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលនៃការវិនិយោគទុនរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបញ្ចប់។ ប្រសិនបើកិច្ចព្រមព្រៀងនេះអាចចូលជាធរមាននិងត្រូវបានអនុវត្តដោយរលូន នោះនឹងនាំមកនូវផលកម្រែខាងសេដ្ឋកិច្ចរហូតដល់១ទ្រីលានដុល្លារអាមេរិកដល់ពិភពលោកទាំងមូល។

      នាពេលបច្ចុប្បន្ន   សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនដូចជាអតិផរណាខ្ពស់  ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលនិងស្បៀងអាហារជាដើម  "ស្ថិរភាព"បានក្លាយទៅជាធនធានដ៏កម្រ។  អ្វីដែលប្រទេសចិនបានផ្តល់ឱ្យ  គឺភាពប្រាកដប្រជាបែបនេះហ្នឹងឯង។

      ទោះបីជាមជ្ឈដ្ឋានខាងក្រៅមានភាពកាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹង ហើយការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកក៏ប្រឈមមុខនឹងកម្លាំងសម្ពាធក៏ដោយ  តែនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនប្រែប្រួលទេ  ហើយលក្ខណៈពិសេសនៃសេដ្ឋកិច្ចចិនដែលប្រកបដោយភាពធន់ដ៏រឹងមាំ សក្ដានុពលធំនិងភាពរស់រវើកដ៏ខ្លាំងក៏មិនបានប្រែប្រួលផងដែរ។ ដូច្នេះ វាអាចយល់ដោយងាយៗថា  ហេតុអ្វីបានជាសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយថា  "ការវិនិយោគនៅប្រទេសចិន គឺជាការវិនិយោគដើម្បីថ្ងៃអនាគត"៕