លោក Chen Hai ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារជាមួយលោក Than Shwe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅទីក្រុង Nay Pyi Taw កាលពីថ្ងៃទី២៥ ខែកក្កដា ភាគីទាំងពីរបានឯកភាពគ្នាលើការធ្វើការរួមគ្នាដើម្បីបង្ក្រាបសកម្មភាពល្មើសច្បាប់ ដូចជាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងល្បែងស៊ីសងតាមអ៊ីនធើណេតជាដើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Chen Hai បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ភាគីចិន និងមីយ៉ាន់ម៉ា ក៏ដូចជាប្រទេសចិន មីយ៉ាន់ម៉ា និងថៃ បានរួមគ្នាបើកយុទ្ធនាការបង្ក្រាបបទល្មើស ព្រមនិងទទួលបានសមិទ្ធផលជាជំហានដំបូង។ ហេតុនេះ ភាគីទាំងពីរគួរតែចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត និងរួមសហការជាមួយប្រទេសជិតខាងផ្សេងទៀត ដើម្បីធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសដំណាក់កាលថ្មី ក្នុងន័យបំផ្លាញសំបុកជនល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងជួយសង្គ្រោះជនជាតិចិនដែលត្រូវបង្ខាំងខ្លួន ។
ជាការឆ្លើយតប លោក Than Shwe បានថ្លែងថា ប្រទេសមីយ៉ាន់ម៉ាយកចិត្តទុកដាក់ខ្ពស់ចំពោះការព្រួយបារម្ភរបស់ប្រទេសចិន ។ ប្រទេសមីយ៉ាន់ម៉ានឹងធ្វើការជាមួយប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត ដើម្បីចាត់ប្រតិបត្តិការជាបន្តបន្ទាប់ ក៏ដូចជាធ្វើកិច្ចពិភាក្សាអំពីការបង្កើតយន្តការសហប្រតិបត្តិការជាប្រក្រតី ដើម្បីបង្កជាការកំញើញចំពោះឧក្រិដ្ឋជនដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងល្បែងស៊ីសងតាមអ៊ីនធើណេតក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងន័យការពារសុវត្ថិភាពនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ៕