សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខក្រៅប្រពៃណី ឡានឆាង-មេគង្គ ប្រារឰនៅប្រទេសមីយ៉ាន់ម៉ា

lmcchina.org, July 18, 2023
Size:

នៅថ្ងៃទី ១៤ ខែកក្កដា សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខក្រៅប្រពៃណី ឡានឆាង-មេគង្គ បានប្រារឰនៅក្រុងរ៉ុងហ្គូននៃប្រទេសមីយ៉ាន់ម៉ា។ អ្នកជំនាញការដែលមកពីភាគីនានាបានឯកភាពគ្នាថា ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ ចាំបាច់ត្រូវតែរួមគ្នាបង្ក្រាបការលេងល្បែងស៊ីសងតាមអនឡាញ និងការបោកបញ្ឆោតតាមទូរស័ព្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងព្រំដែន។

ឯកឧត្តម មីវ ធូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា បានថ្លែងថា កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានក្លាយទៅជាយន្តការសហប្រតិបត្តិការជាក់ស្តែងដែលមានកម្រិតខ្ពស់ក្នុងតំបន់។ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការសន្តិសុខក្រៅប្រពៃណី។ សិក្ខាសាលានេះសមស្របទៅតាមស្ថានការណ៍អន្តរជាតិ និងស្ថានការណ៍ក្នុងតំបន់ ហើយបានផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសន្តិសុខក្រៅប្រពៃណីរវាងប្រទេសផ្សេងៗក្នុងតំបន់។ ភាគីមីយ៉ាន់ម៉ានឹងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ថែរក្សាស្ថិរភាពនិងសុខសន្តិភាព ព្រមទាំងជំរុញការអភិវឌ្ឍដោយចីរភាពក្នុងតំបន់។

ឯកឧត្តម ឆឹន ហៃ ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំមីយ៉ាន់ម៉ា បានថ្លែងថា បញ្ហាសន្តិសុខក្រៅប្រពៃណីកំពុងគំរាមកំហែងដល់ការរស់នៅ និងការអភិវឌ្ឍរបស់មនុស្សជាតិ។ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ រួមគ្នាបង្កើតតំបន់ពិសោធន៍អំពីគំនិតផ្តួចផ្តើមសន្តិសុខជាសកល និងបានបង្កើតកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសន្តិសុខក្រៅប្រពៃណីរួមមាន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការបោកបញ្ឆោតតាមទូរស័ព្ទ ការលេងល្បែងស៊ីសងតាមអនឡាញ និងការជួញដូរមនុស្សជាដើម។ ការអភិវឌ្ឍគឺជាកូនសោសំខាន់បំផុតសម្រាប់ការដោះស្រាយបញ្ហាសន្តិសុខ។ ភាគីចិននឹងបន្តរួមសហការគ្នាជាមួយប្រទេសជាដៃគូដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខក្រៅប្រពៃណី និងរួមគ្នាបង្កើតពិភពលោកដែលពោរពេញទៅដោយសុខសន្តិភាព និងវិបុលភាព។

សក្ខិសាលានេះរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងបញ្ហាអន្តរជាតិប្រទេសមីយ៉ាន់ម៉ា ហើយផ្តល់ការគាំទ្រដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។ មន្ត្រីការទូតនៃប្រទេសទន្លេឡានឆាង-មេគង្គប្រចាំមីយ៉ាន់ម៉ា និងអ្នកសិក្សាស្រាវជ្រាវប្រមាណ ១០០ រូប បានអញ្ជើញចូលរួមក្នុងវេទិកានេះ។