កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិននិងអាស៊ាន(១០បូក១)បានធ្វើឡើងនៅទីក្រុងហ្សាកាតា

CRI, July 17, 2023
Size:

     ថ្ងៃទី១៣ខែកក្កដាតាមម៉ោងក្នុងតំបន់   លោកWangYiប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសមជ្ឈិមចិនបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិននិងអាស៊ាន(១០បូក១)នៅទីក្រុងហ្សាកាតា ក្នុងនោះរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន អ្នកសង្កេតការណ៍អាស៊ាននិងអគ្គលេខាធិការអាស៊ានក៏បានចូលរួមកិច្ចប្រជុំនេះដែរ។

      លោកWang Yiបានថ្លែងថា  ប្រទេសចិននិងអាស៊ានបានអនុវត្តយ៉ាងសកម្មនូវកម្មវត្ថុនិងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ និងទទួលបានជោគជ័យលើផ្លូវត្រឹមត្រូវមួយដែលមានភាពសុខដុមរមនានិងមេត្រីភាពជាមួយប្រទេសជិតខាងក្នុងរយៈពេលយូរ និងទទួលបានការអភិវឌ្ឍនិងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នា។  ភាគីទាំងពីររួមគ្នាជំរុញកិច្ចកសាងសហគមន៍រួមវាសនា   រួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"  រួមគ្នាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងរួមគ្នាពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាព។ ដោយអនុលោមតាមទស្សនៈជិតស្និទ្ធ  ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបរិយាបន្នដែលត្រូវបានលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិន  យើងនឹងរួមគ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានឱ្យវិវឌ្ឍទៅមុខជាបន្តបន្ទាប់ដើម្បីរួមចំណែកថ្មីដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់នេះ។

      ភាគីនានាបានថ្លែងអំណរគុណដល់ភាគីចិនក្នុងការគាំទ្រឋានៈជាស្នូលនិងការកសាងសហគមន៍រួមវាសនារបស់អាស៊ាន  ហើយបានកោតសរសើរចំពោះភាគីចិនដែលបាននាំមុខផ្តួចផ្តើមគំនិតក្នុងការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ រំពឹងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិននឹងឈានដល់កម្រិតថ្មីនិងទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់៕