ក្រសួងការបរទេសចិន៖ ចិនមានឆន្ទៈរួមជាមួយសហគមន៍អន្តរជាតិក្នុងការគាំពារពិពិធកម្មអរិយធម៌ពិភពលោក

CRI, July 7, 2023
Size:

តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗនេះ នៅប្រទេសស៊ុយអែតបានកើតឡើងម្តងទៀតនូវហេតុការណ៍ដុតគម្ពីរកូរ៉ាន ប្រទេសអារ៉ាប់និងអ៊ីស្លាមបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរឿងនេះ ហើយមតិសាធារណៈអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះផងដែរ។ ជុំវិញករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៤ ខែកក្កដាថា ជានិច្ចកាល ប្រទេសចិនតែងតែគាំទ្រការគោរពគ្នាទៅវិញទៅមក បរិយាប័ន្ន និងការរៀនសូត្រពីអរិយធម៌ទីទៃគ្នាទៅវិញទៅមក ប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើជ្រុលនិយមដែលវាយប្រហារលើជំនឿសាសនាផ្សេងៗគ្នា និងបង្កជម្លោះខាងអរិយធម៌ ព្រមនិងប្រឆាំងនឹង"ការភ័យខ្លាចចំពោះអ៊ីស្លាម"តាមគ្រប់ទម្រង់។

លោកស្រី Mao Ning បានបន្តថា ប្រទេសចិនមានឆន្ទៈរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្សព្វផ្សាយស្មារតីនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញការផ្លាស់ប្តូរនិងការសន្ទនាផ្នែកអរិយធម៌យ៉ាងពិតប្រាកដ និងរួមគ្នាគាំពារពិពិធម្មអរិយធម៌នៃពិភពលោក៕