អរិយធម៌សកលជាសរសរស្តម្ភកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ

CRI, July 4, 2023
Size:

ជាការឆ្លើយចម្លើយក្នុងដំណោះស្រាយសកលដែលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ លោក Xi Jinping ប្រធានរដ្ឋចិនដែលពោរពេញដោយគតិបណ្ឌិតបញ្ញាញាណប្រាជ្ញាប្រពៃណីទស្សនវិជ្ជាចិនបានផ្តល់នូវគំនិតផ្តួចផ្តើមស្តីពីអរិយធម៌សកល  គំនិតផ្តួចផ្តើមអរិយធម៌សកលអាចត្រូវបានសង្ខេបនៅក្នុង «រួមគ្នាផ្តួចផ្តើម» ចំនួនបួនគឺ ១-រួមគ្នាផ្តួចផ្តើមគំនិតស្តីពីការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-រួមគ្នាផ្តួចផ្តើមគំនិតស្តីពីផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-រួមគ្នាផ្តួចផ្តើមគំនិតស្តីពីការយកចិត្តទុកដាក់លើការបន្តវេននិងនវានុវត្តន៍លើអរិយធម៌ និង៤-រួមគ្នាផ្តួចផ្តើមគំនិតស្តីពីពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរមនុស្សជាតិអន្តរជាតិ។ ពន្លឺរស្មីពុទ្ធិក្នុងសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិនចាប់ពីភាគទី១ដល់ភាគទី៤នឹងបន្តបង្កើនប្រាជ្ញាដល់យើងទាំងអស់គ្នាក្នុងការចូលរួមថែរក្សាបានសុខសន្តិភាពនិងការអភិវឌ្ឍតាមរយៈការរួមកម្លាំងគ្នាបង្កើនល្បឿនដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

 ជាវិភាគទានគំនិតដ៏ថ្លៃថ្លា អរិយធម៌សកលបានគិតគូរពីលក្ខណៈបុគ្គល និងលក្ខណៈទូទៅនៃអរិយធម៌ផ្សេងៗគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈនៃការអភិវឌ្ឍនិងការតភ្ជាប់ជាសកល ប្រកាន់ខ្ជាប់នូវសេចក្តីពិត រក្សាភាពសុចរិត និងនវានុវត្តភាព ព្រមទាំងពង្រឹងបន្ថែម និងអភិវឌ្ឍគោលគំនិតសំខាន់ៗស្របនឹងស្ថានភាពថ្មីនៃការធ្វើសមាហរណកម្មវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បីចូលរួមលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោកក្នុងបរិបទរួមនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ។ ដំណោះស្រាយបញ្ហាសម្រាប់ការអភិវឌ្ឍសកល ពិភពលោកត្រូវពង្រឹងការយល់ដឹងអំពីសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដើម្បីធ្វើឲ្យមនុស្សជាតិគ្រប់ជាតិសាសន៍ទាំងអស់កាន់តែជិតស្និទ្ធ ជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ស្របនឹងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលតែងបានថ្លែងសុន្ទរកថាគន្លឹះជាច្រើនលើកច្រើនសារទាំងក្នុងប្រទេសចិន និងក្នុងពិភពលោកដោយបានគូសរំលេចពីកិច្ចបន្តនិងពង្រឹងគោលគំនិតសំខាន់ពីសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

 ជាការពន្លាតទំនាក់ទំនងមិត្តភាពតាមរយៈការឈ្វេងយល់ ការគោរពគ្នា និងការចែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក បានក្លាយពីបទពិសោធន៍របស់ប្រទេសចិនទៅជាគោលការណ៍សកលដែលពិភពលោកទាំងមូលបាននិងកំពុងប្រកៀកស្មាររួមគ្នាជាមួយចិនលើវិថីនៃការអភិវឌ្ឍ។ ចរន្តនៃការអភិវឌ្ឍមិនអាចកាត់ផ្តាច់ចេញពីការគោរពតម្លៃអរិយធម៌សកលបានឡើយ ក្នុងន័យនេះវិទ្យាស្ថានខុងជឺនៅតាមបណ្តាប្រទេសនានាក្នុងពិភពលោកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបានលើការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ជាក់ស្តែងក្នុងពេលបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺក្នុងរដ្ឋធានីប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា វិទ្យាស្ថានខុងជឺមិនត្រឹមតែបានជួយផ្សព្វផ្សាយភាសានិងវប្បធម៌ចិនប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយគ្រាប់ពូជនៃមិត្តភាពរវាងចិននិងបរទេស និងចូលរួមចំណែកក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌និងប្រជាជនឱ្យកាន់តែប្រសើរឡើងរវាងប្រទេសចិននិងអាល្លឺម៉ង់ថែមទៀតផង។

 ជាការប្រតិបត្តិជាក់ស្តែងសម្រាប់មនុស្សជាតិ ស្ថានភាពថ្មីនៃការធ្វើសមាហរណកម្មវប្បធម៌និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបានរួមចំណែកថ្មី និងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក និងការលើកកម្ពស់ការរួមកម្លាំងគ្នាក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ស្របនឹងសុភាសិតបុរាណចិនមួយបានពោលថា ជ័យជម្នះទទួលបាននៅពេលដែលមនុស្សប្រមូលផ្ដុំកម្លាំងគ្នា ហើយភាពជោគជ័យនឹងទទួលបាននៅពេលយើងចូលរួមគិតទាំងអស់គ្នា។ ដរាបណាយើងនៅតែរក្សាគោលបំណងនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងពួតដៃគ្នាធ្វើការងារដើម្បីបំពេញនូវរាល់ទំនួលខុសត្រូវរបស់យើង និងដោះស្រាយបញ្ហាលំបាក យើងនឹងអាចធ្វើឲ្យពិភពលោកកាន់តែល្អប្រសើរឡើង និងផ្តល់ជីវិតល្អប្រសើរជូនដល់ប្រជាជនរបស់យើង។ អរិយធម៌សកលបាននិងកំពុងបញ្ចេញឫទ្ធានុភាពក្នុងនាមជាសរសរស្តម្ភមួយទ្រទ្រង់ដល់កិច្ចកសាងសហគមន៍ជោគវាសនារួមមនុស្សជាតិជាមួយនឹងការទទួលស្គាល់គំនិតជាសកលនិងការទទួលខុសត្រូវរបស់ប្រទេសមហាអំណាចសារៈសំខាន់ទ្រឹស្តីដ៏សំខាន់ និងតម្លៃជាក់ស្តែងត្រូវបានបង្ហាញជានិច្ចជាមួយនឹងការអភិវឌ្ឍនៃសម័យកាល និង វឌ្ឍនភាពនៃមនុស្សជាតិ។

 ជារួម សុភមង្គលរបស់មនុស្សជាតិត្រូវបានឆ្លើយតបតាមរយៈទស្សនវិជ្ជាចិនដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនស្តីពីកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ នោះគឺជាអនាគតរបស់ប្រជាជននៃប្រទេសទាំងអស់ក្នុងពិភពលោក ហើយវាគឺជាវិធីត្រឹមត្រូវ និងនិន្នាការនៃសម័យកាល។ ដោយគ្រាន់តែយើងរួមគ្នាជ្រោងទង់សហគមន៍ជោគវាសនារួមនៃមនុស្សជាតិដោយប្រកាន់ខ្ជាប់នូវជោគវាសនារួមនិងសាមគ្គីភាព នោះយើងនឹងជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នា ដោយរក្សាបាននូវសន្តិសុខរួម ការអភិវឌ្ឍប្រកបដោយចីរភាព ការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ- ឈ្នះ ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដីជាមួយនឹងការអភិវឌ្ឍបៃតង ហើយពិភពលោកនឹងមានភាពរុងរឿង៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន