«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»ពីទស្សនវិជ្ជាចិនទៅជាគោលការណ៍សកល

CRI, June 28, 2023
Size:

ជាទស្សនវិជ្ជារបស់ចិនដែលបានផ្តួចផ្តើមកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺ «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលវាជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងគតិបណ្ឌិតចិនរួមជាមួយនឹងទស្សនវិស័យជាសកលយ៉ាងទូលំទូលាយ ហើយបានរចនាប្លង់មេសម្រាប់ការអភិវឌ្ឍសន្តិភាព និងកសាងពិភពលោក ដោះស្រាយក្នុងការប្រឈមមុខនឹងបញ្ហាជាសកលនានា។ ប្រទេសចិនបានអំពាវនាវឱ្យប្រជាជននៃប្រទេសទាំងអស់ធ្វើការរួមគ្នាក្នុងការកសាងពិភពលោកដែលបើកចំហ បរិយាប័ន្ន បៃតងភាព សន្តិភាពយូរអង្វែង សន្តិសុខសកល និងវិបុលភាពរួម។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់ និងប្រទេសជាង១៤០នៅក្នុងពិភពលោក ដើម្បីបង្កើនល្បឿនដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ។ ក្រោមទម្រនៃទស្សនវិជ្ជាចិនស្តីពី «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ទើបកម្លាំងរួមគ្នាក្នុងរយៈពេល១០ឆ្នាំនេះបាននាំពិភពលោកឈានទៅបិទបញ្ចប់គោលនយោបាយគាំពារពាណិជ្ជកម្ម និងគោលនយោបាយឯកោនិយមដែលមិនផ្តល់ផលប្រយោជន៍អ្វីទាំងអស់។

 ជាសច្ចភាពគ្មានប្រទេសណាមួយអាចដោះស្រាយដោយឯកឯងបានឡើយនឹងបញ្ហាប្រឈមផ្សេងៗដែលមនុស្សជាតិកំពុងជួបប្រទះនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចដកថយទៅនៅឯកោបិទបាំងឬគេចវេសពីបញ្ហាសកលបានដែរ។ មិនថាប្រទេសមួយជាប្រទេសធំឬតូច ជាប្រទេសខ្លាំងឬខ្សោយ ជាប្រទេសមានឬក្រ ចំណុចដែលសំខាន់នោះគឺអធិបតេយ្យភាព បូរណភាពដែនដីនិងសេចក្តីថ្លៃថ្នូរត្រូវបានទទួលនូវការគោរព។ ការប្រាស្រ័យទាក់ទងនិងការពិភាក្សាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយភាពខុសគ្នា។ ការប្រឆាំងភេរវកម្មគឺជាកាតព្វកិច្ចរួមរបស់ប្រទេសនីមួយៗដើម្បីរួមកម្លាំងគ្នាបន្តលើកឆ័ត្រសុវត្ថិភាពសម្រាប់មនុស្សជាតិនៅលើពិភពលោក។ ការចរចានយោបាយគឺជាមធ្យោបាយមូលដ្ឋានដើម្បីដោះស្រាយជម្លោះ ជាក់ស្តែងនាដើមឆ្នាំ២០២៣នេះ ដោយមានប្រទេសចិនជាអ្នកសម្របសម្រួលនិងផ្ដល់ទីតាំងចរចា ប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានដល់ការឯកភាពគ្នាភ្ជាប់ទំនាក់ទំនងឡើងវិញ ដោយបិទបញ្ចប់អរិភាពរបស់ប្រទេសទាំងពីរនេះដែលបានផ្ដាច់ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ២០១៦មក។

 ជាតក្កភាពដែលមានចរិតវិទ្យាសាស្រ្ត កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលបានផ្តួចផ្តើមឡើងដោយប្រទេសចិនគឺជាស្នូលនៃការអភិវឌ្ឍបម្រើដល់មនុស្សជាតិ ដែលនឹងក្លាយជាអនាគត ជាជោគវាសនានៃភពផែនដីរបស់យើង ។ ពិភពលោកនៅចាំបានថា ប្រទេសចិនបានបញ្ជូនក្រុមរក្សាសន្តិភាពសរុបជាង៥០ ០០០នាក់ និងបានបញ្ជូនក្រុមបុគ្គលិកពេទ្យចំនួន៣០ ០០០នាក់ ទៅកាន់ប្រទេសនិងតំបន់ចំនួន៧៦នៅទូទាំងពិភពលោក ដែលជាការគូសបញ្ជាក់ឱ្យពិភពលោកបានឃើញយ៉ាងច្បាស់នូវចរិតលក្ខណៈតាមបែបផែនចិនក្នុងនាមជាប្រទេសមហាអំណាចដែលតែងគាំទ្រដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ប្រយោជន៍ដើម្បីបង្កើនសាមគ្គីភាពជំនួសឱ្យការបែកបាក់គ្នា ពន្លាតកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជំនួសឱ្យអរិភាពគ្នា ព្រមទាំងបន្តគុណតម្លៃរួមនៃមនុស្សជាតិជំនួសឱ្យការគំរាមកំហែង ដែលនេះវាជាគោលបំណងនិងគោលដៅ ជាឆន្ទៈនិងបំណងប្រាថ្នារបស់មនុស្សជាតិ។

 ជាការប្រែក្លាយពីទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ទៅជាគោលការណ៍សកល ដោយគិតមកដល់ឆ្នាំ២០២៣នេះ គឺរយៈពេល១០ឆ្នាំកន្លងមកហើយដែលប្រទេសចិនបានរួមកម្លាំងជាមួយបណ្តាប្រទេសលើពិភពលោកដោយបន្តការរួមចំណែកថ្មីនិងធំជាងមុន ដោយជំរុញឱ្យពិភពលោកប្រែទៅជាភូមិសកលដ៏ធំមួយពោរពេញដោយអនាគតដ៏រុងរឿងនិងបៃតងភាព និងបានប្រែទៅជាភូមិប្រកបដោយឧទ្យានចម្រុះអរិយធម៌ដ៏ស្រស់ត្រកាលរួមគ្នាសម្រាប់មនុស្សជាង៨ពាន់លាននាក់។ ភូមិសកលដែលបានចេញពីទស្សនវិជ្ជាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» បានបង្កើនទំនុកចិត្ត បង្កើនកម្លាំងរួមគ្នាឈរលើជំហនៅក្នុងសច្ចភាពយ៉ាងច្បាស់លាស់នៃប្រវត្តិសាស្ត្រ ហើយបន្តប្រកាន់ខ្ជាប់នូវវឌ្ឍនភាពមាគ៌ាទំនើបកម្មសង្គមរបស់មនុស្សជាតិ ឈានឆ្ពោះទៅសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព៕

 (ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)