ក្រសួងការបរទេសចិន៖ ប្រទេសចិនមានសេចក្តីសោមនស្សរីករាយដែលបានឃើញសហគ្រាសបរទេសមកបណ្តាក់ទុននៅប្រទេសចិន និងរួមគ្នាចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍

CRI, June 19, 2023
Size:

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ១៦ ខែមិថុនាថា ប្រទេសចិនរីករាយដែលបានឃើញសហគ្រាសបរទេសមកបណ្តាក់ទុននៅប្រទេសចិន និងរួមគ្នាចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍។

ចាប់តាំងពីឈានចូលដើមឆ្នាំនេះមក អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសបរទេសល្បីៗជាច្រើនបានមកដល់ប្រទេសចិន ដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងរថយន្ត ការប្រើប្រាស់ ផលិតកម្ម វេជ្ជសាស្រ្ត ហិរញ្ញវត្ថុ បច្ចេកវិទ្យាអេឡិចត្រូនិច និងវិស័យផ្សេងៗទៀត។

លោក Wang Wenbin បានចង្អុលបង្ហាញថា របាយការណ៍ថ្មីៗដែលចេញផ្សាយដោយសភាពាណិជ្ជកម្មបរទេសមួយចំនួននៅក្នុងប្រទេសចិនបានបង្ហាញថា សហគ្រាសបរទេសភាគច្រើនដែលបានផ្តល់បទសម្ភាសន៍នៅតែមានសុទិដ្ឋិនិយមចំពោះអនាគតអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននាពេលថ្មីៗនេះឱ្យឃើញថា បើមើលពីទីប្រភពដើម ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ២០២៣នេះ ការវិនិយោគជាក់ស្តែងនៅក្នុងប្រទេសចិនពីប្រទេសបារាំង អង់គ្លេស កាណាដា និងជប៉ុន បានកើនឡើងចំនួន ៤២៩,៧%១៧៩,២%១៧០,១% និង ៦៣,៣% ដោយឡែកពីគ្នា។

លោក Wang Wenbin បានបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តផ្តល់ការគាំទ្រនិងការពារដល់ការច្នៃប្រឌិតនិងការអភិវឌ្ឍនៃសហគ្រាសទាំងជាតិនិងអន្តរជាតិនៅក្នុងប្រទេសចិន បង្កើតយ៉ាងសកម្មនូវបរិយាកាសធ្វើពាណិជ្ជកម្មលំដាប់នាំមុខដែលប្រកបដោយទីផ្សារភាវូបនីយកម្ម នីយតកម្ម និងអន្តរជាតូបនីយកម្ម ព្រមនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីសម្រេចបាននូវឈ្នះ-ឈ្នះ៕