ប្រទេសចិន និងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីគម្រោងកម្ពុជានៃមូលនិធិពិសេសកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ ២០២៣

lmcchina.org, June 19, 2023
Size:

នៅថ្ងៃទី ១៥ ខែឧសភា ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីគម្រោងកម្ពុជានៃមូលនិធិពិសេសកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ជារៀងរហូតមក កម្ពុជាជាអ្នកចូលរួម និងអ្នកជំរុញដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ។ គិតមកដល់ឆ្នាំនេះ គម្រោងនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា មានចំនួន ៩៨ គម្រោង។ ឆ្នាំនេះជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។ ភាគីចិននឹងរួមសហការគ្នាជាមួយភាគីកម្ពុជា អនុវត្តដោយគ្រប់ជ្រុងជ្រោយតាមចំណុចឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តជំរុញការរួមគ្នាកសាង“ខ្សែក្រវាត់ និងផ្លូវ” និងពង្រឹងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ដែលផ្តល់អាទិភាពដល់វិស័យចំនួន ៦ ដើម្បីបង្កើតសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានបង្កើតឡើងនូវមូលនិធិពិសេសមុនគេបង្អស់ក្នុងចំណោមយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ ហើយបានទទួលនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ពីបណ្តាប្រទេសនានាក្នុងតំបន់។ ភាគីកម្ពុជាវាយតម្លៃខ្ពស់ចំពោះភាគីចិនដែលបានផ្តល់ការគាំទ្រ និងការជួយឧបត្ថម្ភដល់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតក្នុងតំបន់ទន្លេមេគង្គ ហើយនឹងបន្តរួមសហការគ្នាជាមួយភាគីចិន និងប្រទេសផ្សេងៗទៀតក្នុងតំបន់ ក្នុងការជំរុញការតភ្ជាប់នូវយន្តការកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ជាមួយនឹងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាសកល និងយន្តការកិច្ចសហប្រតិបត្តិការកម្រិតអនុតំបន់ផ្សេងៗទៀត ព្រមទាំងជំរុញការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គដើម្បីឆ្ពោះទៅកាន់សុខសន្តិភាព និងវិបុលភាពរួម។