ក្រសួងធារាសាស្ត្រចិន៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងអំពីធនធានទឹកទន្លេឡានឆាង-មេគង្គ

lmcchina.org, May 29, 2023
Size:

នៅថ្ងៃទី ២៦ ខែឧសភា លោក ជីន ហៃ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងបច្ចេកវិទ្យាក្រសួងធារាសាស្ត្រចិន បានបញ្ជាក់ថា ភាគីចិននឹងបន្តរួមសហការគ្នាជាមួយប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងអំពីធនធានទឹកនៃទន្លេឡានឆាង-មេគង្គ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសុវត្ថិភាពធនធានទឹកសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកបានបន្តទៀតថា តំបន់ទន្លេឡានឆាង-មេគង្គជាតំបន់ដែលប្រកបដោយសក្តានុពលធំធេងបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គកំពុងប្រឈមនឹងបន្ទុកដ៏ធ្ងន់ធ្ងរក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ថែរក្សាការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ មានតម្រូវការកាន់តែច្រើនលើថាមពលទឹក និងធនធានទឹក ប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយគួរតែខិតខំថែរក្សាប្រព័ន្ធអេកូឡូស៊ីទឹក និងបរិស្ថានទឹក។ កិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គនឹងអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងគ្រោះមហន្តរាយរាំងស្ងួតនិងទឹកជំនន់ សន្តិសុខស្បៀងអាហារ សន្តិសុខថាមពល សន្តិសុខនៃការផ្គត់ផ្គង់ទឹក ការការពារអេកូ-បរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាដើម។ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៦ យកចិត្តទុកដាក់កម្រិតខ្ពស់លើកិច្ចសហប្រតិបត្តិការធនធានទឹកទន្លេឡានឆាង-មេគង្គ។ តើប្រទេសទាំង ៦ គួរតែធ្វើដូចម្តេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹក កសាងសមត្ថភាពនៃការទប់ទល់នឹងវិបត្តិផ្សេងៗ និងចូលរួមចំណែកក្នុងការការពារធនធានទឹកដើម្បីជំរុញការអភិវឌ្ឍដោយចីរភាព និងវិបុលភាពរួម។ នេះគឺជាភារកិច្ចរួមរបស់ប្រទេសទាំង ៦ ហើយតម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នាពិគ្រោះពិភាក្សា និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា។