ក្រសួងការបរទេសចិនថ្លែងថា មូលហេតុគន្លឹះដែលគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”ទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយ គឺដោយសារបានប្រកាន់ខ្ជាប់ជានិច្ចនូវការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា

CRI, May 16, 2023
Size:

      ថ្ងៃទី១២ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ អ្នកសារព័ត៌មានបានលើកសំណួរថា យើងបានកត់សម្គាល់ឃើញថា វិទ្យាស្ថានសិក្សាស្រាវជ្រាវBruegel ដែលជាធនាគារគំនិតអឺរ៉ុបបានចេញផ្សាយរបាយការណ៍នៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”បានធន់នឹងការប្រឈមនិងការសាកល្បងជាច្រើន ហើយទទួលបានការវាយតម្លៃវិជ្ជមានយ៉ាងទូលំទូលាយក្នុងក្របខណ្ឌទូទាំងពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ។ តើភាគីចិនមានការយល់ឃើញយ៉ាងណាចំពោះរឿងនេះ?

      លោក Wang Wenbin បានថ្លែងថា មូលហេតុគន្លឹះដែលធ្វើឱ្យគំនិតផ្តួចផ្តើមរបស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពី “ខ្សែក្រវាត់និងផ្លូវ”ទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយ គឺដោយសារបានប្រកាន់ខ្ជាប់ជានិច្ចនូវការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។ ក្នុងនាមជាវេទិកាសហប្រតិបតិ្តការអន្តរជាតិប្រកបដោយភាពបើកទូលាយនិងបរិយាប័ន្ន គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”មិនមែនគ្រាន់តែជំរុញការធ្វើសកលភាវូបនិយកម្មដែលបម្រើតែប្រទេសមួយចំនួនតូចប៉ុណ្ណោះទេ តែគឺជំរុញការអភិវឌ្ឍរួមជាសកលដែលមានភាពកាន់តែបរិយាប័ន្ន ផ្តល់ផលប្រយោជន៍ជាទូទៅនិងមានតុល្យភាព ។ នៅចំពោះមុខការពិតជាក់ស្តែងនានា រាល់ពាក្យភូតកុហកនិងពាក្យសម្តីខុសទំនងដែលលាបពណ៌គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”និងកិច្ចសហប្រតិបតិរវាងចិននិងប្រទេសសហការគ្នា មុខជានឹងត្រូវច្រានចោលជាក់ជាមិនខាន ។

       លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិននឹងរៀបចំវេទិកាកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ នៅឆ្នាំនេះ ។ ពួកយើងនឹងចាត់ទុកវេទិកានេះជាឱកាសមួយ បូកសរុបបទពិសោធនិងគ្រោងផែនទីបង្ហាញផ្លូវជាមួយសហគមន៍អន្តរជាតិ និងលើកកម្ពស់កម្រិតនៃកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីនិងផ្សព្វផ្សាយក្តីសង្ឃឹមថ្មីសម្រាប់ការងើបសេដ្ឋកិច្ចសកលឡើងវិញ និងការអភិវឌ្ឍជានិរន្តរភាពរបស់សកលលោកទាំងមូល ៕