លោកLi Qiang ផ្ញើលិខិតអបអរសាទរចំពោះការប្រារព្ធពិធីសម្ពោធបើកឆ្នាំកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍកសិកម្មនិងសន្តិសុខស្បៀងចិន-អាស៊ាន

CRI, April 27, 2023
Size:

លោកLi Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរចំពោះការប្រារព្ធពិធីសម្ពោធឆ្នាំកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍកសិកម្មនិងសន្តិសុខស្បៀងចិន-អាស៊ានកាលពីថ្ងៃទី ២៥ ខែមេសា។

ថ្លែងក្នុងសារលិខិត លោក Li Qiang បានលើកឡើងថា ឆ្នាំ២០២៣នេះជាខួបលើកទី ១០ នៃការដែលលោកXi Jinping ប្រធានរដ្ឋចិនលើកឡើងគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលមានភាពកាន់តែស្អិតល្មួត និងរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ។ កសិកម្ម និងសន្តិសុខស្បៀង គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ហើយក៏ជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការចិន-អាស៊ានផងដែរ។ យើងមានឆន្ទៈក្នុងការរួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីចាត់ទុកឆ្នាំកិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍកសិកម្មនិងសន្តិសុខស្បៀងជាឱកាសមួយ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជាការអភិវឌ្ឍកសិកម្មបៃតង ការកាត់បន្ថយភាពក្រីក្រ ការស្តារអភិវឌ្ឍន៍ជនបទ កសិកម្មឆ្លាតវៃ និងជនបទឌីជីថលជាដើម ពួតដៃគ្នាកសាងផ្ទះរួមដែលមានសន្តិភាព ភាពស្ងប់សុខ វិបុលភាព ភាពស្រស់ស្អាត និងមេត្រីភាព សំដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំ ព្រមទាំងជួយជំរុញការសម្រេចបាននូវគោលដៅនៃរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព៕