ប្រទេសចិនចាត់វិធានការជាច្រើនដើម្បីលើកកម្ពស់ពាណិជ្ជកម្មជាមួយបរទេស

CRI, April 25, 2023
Size:

កាលពីថ្ងៃទី ២៣ ខែមេសា អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ធុរកិច្ចអេឡិចត្រូនិកឆ្លងដែនរបស់ប្រទេសចិននៅតែបន្តរក្សាសន្ទុះកំណើនយ៉ាងឆាប់រហ័ស។ យោងតាមទិន្នន័យដែលបានចេញផ្សាយនាពេលថ្មីៗនេះ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ការនាំចេញនិងនាំចូលនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានកើនឡើង ៤,៨% បើធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំមុន ដែលសម្រេចបាននូវកំណើនយ៉ាងនឹងនរនៅដើមឆ្នាំ។

អ្នកទទួលខុសត្រូវរូបនេះបានថ្លែងថា នៅជំហានបន្ទាប់ ក្រសួង-ស្ថាប័នជាច្រើននឹងចាត់វិធានការដើម្បីជួយសហគ្រាសឱ្យទទួលបានការបញ្ជាទិញថ្មី និងពង្រីកទីផ្សារនៅក្រៅប្រទេស។ក្រសួងពាណិជ្ជកម្មចិនជួយដល់សហគ្រាសក្នុងការអភិវឌ្ឍទីផ្សារចម្រុះ ហើយនឹងផ្តោតលើការដោះស្រាយបញ្ហាលំបាកដែលសហគ្រាសចិនជួបប្រទះក្នុងទីផ្សារនៃបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់និងផ្លូវ" ព្រមនិងបង្កើនការផ្តល់សេវាកម្ម ជាពិសេសគឺផ្តល់ការគាំទ្រ និងភាពងាយស្រួលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងការពង្រីកទីផ្សារ"ខ្សែក្រវាត់និងផ្លូវ"៕