កម្មវិធី“សប្តាហ៍ផ្សព្វផ្សាយឡានឆាង-មេគង្គ”នៃគម្រោងសហប្រតិបត្តិការអន្តរជាតិអំពីការគ្រប់គ្រងតំបន់ដីសើមដោយចីរភាពតាមទន្លេឡានឆាង-មេគង្គ ប្រារឰជាផ្លូវការ

lmcchina.org, April 23, 2023
Size:

ពេលថ្មីៗនេះ កម្មវិធី“សប្តាហ៍ផ្សព្វផ្សាយឡានឆាង-មេគង្គ”នៃគម្រោងសហប្រតិបត្តិការអន្តរជាតិអំពីការគ្រប់គ្រងតំបន់ដីសើមដោយចីរភាពតាមទន្លេឡានឆា-មេគង្គ បានប្រារឰជាផ្លូវការតាមអនឡាញ។ អ្នកតំណាង ១៤ រូបដែលមកពីប្រទេសចិន ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ភាគីចិនបានរំលឹកឡើងវិញនូវការងារដែលបានសម្រេចនៅក្នុងដំណាក់កាលដំបូង ហើយបានធ្វើបទឧទ្ទេសនាមអំពីកិច្ចការពារតំបន់ដីសើមរបស់ប្រទេសចិន និងផែនការយុទ្ធសាស្ត្រអំពីការការពារតំបន់ដីសើមតាមទន្លេឡានឆាង-មេគង្គ។ អ្នកតំណាងដែលមកពីប្រទេសផ្សេងៗបានលើកឡើងពីសំណើ និងមតិដ៏មានតម្លៃសម្រាប់ជំរុញការអនុវត្តគម្រោងនេះ។

គម្រោងសហប្រតិបត្តិការអន្តរជាតិអំពីការគ្រប់គ្រងតំបន់ដីសើមដោយចីរភាពតាមទន្លេឡានឆាង-មេគង្គនេះជាគម្រោងសហប្រតិបត្តិការថ្មីដំបូងគេក្នុងកម្រិតអនុតំបន់ ដែលបង្កើតឡើងដោយប្រទេសពាក់ព័ន្ធតាមបណ្តោយទន្លេឡានឆាង-មេគង្គ ដើម្បីបង្កើតជាយន្តការកិច្ចសហប្រតិបត្តិការដែលរួមគ្នាធ្វើការបណ្តុះបណ្តាល ស្ថាបនា និងចែករំលែកគ្នាតាមរយៈការការពារតំបន់ដីសើម ផ្សព្វផ្សាយពីបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។ គម្រោងនេះនឹងអាចជួយឱ្យពិភពលោកកាន់តែយល់ដឹងអំពីកិច្ចការពារតំបន់ដីសើម និងសមិទ្ធផលនៃការកសាងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសចិន ហើយនិងជួយប្រទេសចិនបង្កើតរូបភាពជាប្រទេសដ៏ធំក្នុងការការពារអេកូ-បរិស្ថាន និងការអនុវត្តតាមអនុសញ្ញាដីសើមអន្តរជាតិ ព្រមទាំងថែរក្សាទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសចិន និងប្រទេសជិតខាងផ្សេងៗ។