ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣៣ប្រារព្ធធ្វើ ទំហំតាំងពិព័រណ៍និងចំនួនសហគ្រាសដែលចូលរួមពិព័រណ៍សុទ្ធតែបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ

CRI, April 17, 2023
Size:

      ព្រឹកថ្ងៃទី១៥ខែមេសា ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនបានប្រារព្ធធ្វើជាផ្លូវការ ។ ពិព័រណ៍លើកនេះនឹងបើកធ្វើពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភាដោយចែកជាដំណាក់កាលបី ដែលជាពិព័រណ៍មួយលើកដែលមានទ្រង់ទ្រាយធំជាងគេក្នុងប្រវតិ្តសាស្ត្រ ទំហំតាំងពិព័រណ៍និងចំនួនសហគ្រាសដែលចូលរួមពិព័រណ៍សុទ្ធតែបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។

      ពិព័រណ៍លើកនេះបានប្រើប្រាស់សាលតាំងពិព័រណ៍ថ្មីដែលមានទំហំ១០ម៉ឺនម៉ែត្រក្រឡា ទំហំតាំងពិពរណ៍សរុបបានកើនឡើងពី១លាន១សែន៨ម៉ឺនម៉ែត្រក្រឡា ដល់១លាន៥សែនម៉ែត្រក្រឡា ហើយចំនួនស្តង់បានកើនឡើងពី៦ម៉ឺនដល់ជិត៧ម៉ឺនកន្លែង ។

តាមដឹង សហគ្រាសដែលចូលរួមពិព័រណ៍នៅនឹងកន្លែងបានកើនឡើងដល់ជាង៣ម៉ឺន៤ពាន់សហគ្រាស សហគ្រាសដែលចូលពិព័រណ៍ជាលើកដំបូងមានចំនួនលើសពី៩ពាន់សហគ្រាស ក្រៅពីនេះ សហគ្រាសដែលចូលរួមពិព័រណ៍តាមអនឡាញបានឡើងដល់៣៩២៨១សហគ្រាស ។

ព្រមពេលជាមួយគ្នានេះ ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកនេះបានពង្រីកទ្រង់ទ្រាយនៃពិព័រណ៍ផលិតផលនាំចូលថែមមួយកម្រិតទៀត ហើយក្នុងដំណាក់កាលទាំងបី សុទ្ធតែរៀបចំពិព័រណ៍ផលិតផលនាំចូលដែលមានទំហំតាំងពិព័រណ៍ឡើងដល់៣ម៉ឺនម៉ែត្រក្រឡា មានសហគ្រាសចំនួន៥០៨ដែលមកពីប្រទេសនិងតំបន់ចំនួន៤០ បានចូលរួមពិព័រណ៍ឯកទេសចំនួន១២ ក្នុងនោះ សហគ្រាសនៃប្រទេសនិងតំបន់តាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ដែលចូលរួមពិព័រណ៍ត្រូវជា៧៣ភាគរយនៃចំនួនសហគ្រាសសរុប ៕