វិទ្យាស្ថានស្រាវជ្រាវ ស៊ឺធុង ក្រុងឈឹងទូ រៀបចំកិច្ចសន្ទនាធនាគារខួរក្បាលអំពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ

lmcchina.org, April 3, 2023
Size:

ដើម្បីអបអរសាទរកម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ”លើកទី ៦ និងទទួលស្វាគមន៍ការចាប់ដំណើរការនូវ“រយៈពេល ៥ ឆ្នាំពណ៌មាស”នៃកិច្ចសហប្រតិបត្តិការទន្លេងឡានឆាង-មេគង្គ កិច្ចសន្ទនាដែលរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ ស៊ឺធុង ក្រុងឈឹងទូ បានប្រារឰជាផ្លូវការក្នុងក្រុងឈឹងទូនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣។ អ្នកជំនាញការជាង ២០ រូបដែលមកពីធនាគារខួរក្បាល និងស្ថាប័នពាក់ព័ន្ធនៃប្រទេសឡាវ កម្ពុជា ថៃ មីយ៉ាន់ម៉ា និងចិន បានចូលរួម និងពិគ្រោះពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ព្រមទាំងការជំរុញការអភិវឌ្ឍតំបន់ក្នុងកិច្ចប្រជុំនេះ។

អ្នកជំនាញការចិន និងបរទេសបានធ្វើការវិភាគអំពីស្ថានភាពបច្ចុប្បន្ន និងអនាគតនៃយន្តការកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ រួមមានការបំពេញបន្ថែមគ្នាលើវិស័យឧស្សាហកម្មថាមពលរវាងប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍ ការសម្របសម្រួលគ្នាអំពីធនធានទឹកក្នុងតំបន់ បញ្ហាប្រឈមនិងគោលនយោបាយអំពីការអប់រំអន្តរជាតិប្រទេសចិន និងប្រទេសទន្លេមេគង្គ ការវិភាគអំពីឯកសារការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ប្រទេសទន្លេឡានឆាង-មេគង្គ ការដោះស្រាយបញ្ហាជំងឺរាតត្បាត និងវិបត្តិសុខភាពសាធារណៈ ផលប៉ះពាល់អវិជ្ជមានចំពោះសមាហរណកម្មក្នុងតំបន់ ការដោះស្រាយបញ្ហាពាណិជ្ជកម្មអន្តរជាតិ និងការបង្ក្រាបបទល្មើសឆ្លងដែន ព្រមទាំងផលប៉ះពាល់របស់គោលនយោបាយប្រទេសក្នុងតំបន់ចំពោះកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ អ្នកជំនាញការដែលមកពីភាគីនានាបានឯកភាពគ្នាថា ជាដំបូង ប្រទេសផ្សេងៗគួរតែជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពាណិជ្ជកម្ម ធ្វើឱ្យគំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ”មានការស៊ីសង្វាក់គ្នាកម្រិតខ្ពស់ទៅនឹងយន្តការកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ហើយផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនក្នុងតំបន់។ បន្ទាប់មក ប្រទេសនានាគួរតែរួមគ្នាបង្កើតយន្តការនៃការគាំពារប្រព័ន្ធអេកូឡូស៊ី ដើម្បីជំរុញការអភិវឌ្ឍតំបន់ទន្លេដោយចីរភាព ហើយត្រូវការពារអេកូ-បរិស្ថាន និងអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុងតំបន់។ ទន្ទឹមនឹងនេះ អ្នកសិក្សាស្រាវជ្រាវក៏បានអំពាវនាវឱ្យភាគីនានាបង្កើនការផ្លាស់ប្តូរផ្នែកវប្បធម៌ ជំរុញការតភ្ជាប់បេះដូងប្រជាជន ហើយជំរុញឱ្យកិច្ចសហប្រតិបត្តិការវិវត្តពីវិស័យសេដ្ឋកិច្ចទៅគ្របដណ្តប់លើវិស័យកាន់តែច្រើន និងបង្កើតឱកាសនៃកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរគ្នា។