កម្មវិធីអបអរសាទរ“ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី រួមគ្នាពិគ្រោះពិភាក្សាអំពីមនោសញ្ចេតនា ឡានឆាង-មេគង្គ”រៀបចំនៅខេត្តក្វាងតុង

lmcchina.org, April 3, 2023
Size:

ពេលថ្មីៗនេះ កម្មវិធីអបអរសាទរ“សប្តាហ៍ឡានឆាង-មេគង្គ”ឆ្នាំ ២០២៣ ដែលរៀបចំដោយការិយាល័យកិច្ចការបរទេសនៃសាលារដ្ឋបាលប្រជាជនខេត្តក្វាងតុង និងក្រុមហ៊ុន China Southern Power Grid Company Limited បានប្រារឰឡើងនៅក្រុងក្វាងចូវ ក្រោមប្រធានបទ“ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី រួមគ្នាពិគ្រោះពិភាក្សាអំពីមនោសញ្ចេតនា ឡានឆាង-មេគង្គ” ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ទន្លេឡានឆាង-មេគង្គ និងរួមគ្នាកសាងអនាគតថ្មីសម្រាប់ការជំរុញការតភ្ជាប់គ្នា។ តំណាងស្ថានអគ្គកុងស៊ុលប្រទេសទន្លេមេគង្គប្រចាំនៅក្រុងក្វាងចូវ និស្សិតបរទេសដែលបន្តការសិក្សានៅខេត្តក្វាងតុង និងតំណាងសហគ្រាសចិន សរុបជាង ៣០ នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

លោកស្រី ឈីន ហុងជា អនុប្រធានការិយាល័យកិច្ចការបរទេសនៃសាលារដ្ឋបាលប្រជាជនខេត្តក្វាងតុង បានថ្លែងថា តាំងពីបានបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គរៀងមក ខេត្តក្វាងតុង និងប្រទេសទន្លេមេគង្គទាំង ៥ បានបង្កើតវេទិកានៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្រប់ប្រទាប់ថ្នាក់។ ខេត្តក្វាងតុងគាំទ្រឱ្យសហគ្រាសចិនពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសទន្លេមេគង្គ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ហើយខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងប្រទេសពាក់ព័ន្ធ។

លោកស្រី សាវ៉ាន់ភីង អគ្គកុងស៊ុលប្រទេសឡាវប្រចាំនៅក្រុងក្វាងចូវ បានតាងនាមស្ថានអគ្គកុងស៊ុលប្រទេសទន្លេមេគង្គប្រចាំក្រុងក្វាងចូវ ថ្លែងអំណរគុណដល់ក្រុងក្វាងចូវដែលបានរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទន្លេឡានឆាង-មេគង្គ។ លោកស្រីបានថ្លែងថា ប្រទេសឡាវនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសក្នុងតំបន់ឈូងសមុទ្រ នាំចូលគ្រឿងបរិក្ខារ និងបច្ចេកទេសចិន ដើម្បីជំរុញឱ្យសហគ្រាសឡាវ និងសហគ្រាសចិនពិសេសគឺសហគ្រាសមកពីខេត្តក្វាងតុងធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសម្រេចបាននូវការឈ្នះ-ឈ្នះ ព្រមទាំងរួមគ្នាចែករំលែកអំពីសមិទ្ធផលនៃការស្ថាបនា“ខ្សែក្រវាត់ និងផ្លូវ”។

លោក ចាំង ថានជឺ អគ្គនាយករងនៃក្រុមហ៊ុន China Southern Power Grid Company Limited បានបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី ១០ នៃការលើកឡើងនូវគំនិតផ្តួចផ្តើម“ខ្សែក្រវាត់ និងផ្លូវ” ហើយក៏ជាខួបលើកទី ៧ នៃការបង្កើតយន្តការកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គដែរ។ ក្រុមហ៊ុន China Southern Power Grid Company Limited នឹងខិតខំយ៉ាងពេញទំហឹងដើម្បីបញ្ចេញឧត្តមភាពទីតាំងភូមិសាស្ត្រ បន្តជំរុញការធ្វើពាណិជ្ជកម្មឆ្លងដែនលើវិស័យថាមពលអគ្គិសនីជាមួយប្រទេសទន្លេមេគង្គ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីសម្រេចនូវការឈ្នះ-ឈ្នះ សាងសង់វារីអគ្គិសនីណាំថាប្រទេសឡាវ និងគម្រោងយ៉ុងស៊ីនប្រទេសវៀតណាមដំណាក់កាលទី ១ អនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនផ្សេងៗឱ្យបានល្អប្រសើរដូចជា ការសាងសង់សាលាមិត្តភាពចិន-ឡាវជាដើម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព និងការតភ្ជាប់ក្រអៅបេះដូងរវាងប្រជាជននៃប្រទេសទាំងពីរ។

តំណាងដែលមកពីភាគីនានាបានរួមគ្នាទស្សនាវីដេអូអំពីកិច្ចសហប្រតិបត្តិការថាមពលអគ្គិសនីក្នុងតំបន់ទន្លេមេគង្គ ហើយបានស្តាប់បទបង្ហាញអំពីរឿងរ៉ាវសាលាមិត្តភាពចិន-ឡាវ និងការចែករំលែកបទពិសោធន៍របស់និស្សិតបរទេសនៅខេត្តក្វាងតុង ព្រមទាំងបានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្ត្រនៃស្ថានីយផ្លាស់ប្តូរសម្ពាធអគ្គិសនីក្រុងក្វាងចូវ។