ខេត្តយូណានរៀបចំកម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ”

lmcchina.org, March 27, 2023
Size:

នៅថ្ងៃទី ២៣ ខែមីនា កម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ” និងកម្មវិធីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ ២០២៣ របស់ខេត្តយូណាន បានបើកសម្ពោធជាផ្លូវការនៅក្នុងក្រុងគុនមីង។ ខេត្តយូណានបានរួមសហការគ្នាជាមួយប្រទេសទន្លេមេគង្គទាំង ៥ ដើម្បីតាំងពិព័រណ៍នូវសមិទ្ធផលកិច្ចសហប្រតិបត្តិការ និងពិគ្រោះពិភាក្សាអំពីផែនការអភិវឌ្ឍន៍នាពេលខាងមុខ។

ក្នុងឱកាសនេះ ខេត្តយូណានបានរៀបចំកម្មវិធីចំនួន ១១ រួមមានការសាកល្បងរបស់យុវជនឡានឆាង-មេគង្គឆ្នាំ ២០២៣ ក្នុងក្រុងលីជាំង សិក្ខាសាលា“ពួតដៃគ្នាដើរចេញពីផលប៉ះពាល់នៃជំងឺរាតត្បាត រួមគ្នាចាក់បញ្ចូលនូវកម្លាំងរស់រវើកថ្មីសម្រាប់ការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ” កិច្ចប្រជុំសន្ទនារវាងយុវជនឡានឆាង-មេគង្គ ការប្រកួតថតរូប និងវីដេអូ“តំបន់ឡានឆាង-មេគង្គពណ៌បៃតង បង្ហាញក្តីស្រមៃរបស់ខ្លួន”ជាដើម ដើម្បីបង្ហាញពីភាពទាក់ទាញពិសេស និងសមិទ្ធផលដ៏សម្បូរនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។

លោក លាំង ជីនជូន អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ីក្រសួងការបរទេសចិន បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសចិន និងប្រទេសទន្លេមេគង្គមានការជឿទុកចិត្តលើគ្នាដែលមានកម្រិតកាន់តែខ្ពស់ ហើយបានពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងមានជំនឿចិត្តក្នុងការពួតដៃគ្នាពុះពារឧបសគ្គគ្រប់ប្រភេទ។ ពិភពលោកបច្ចុប្បន្នកំពុងកើតមានការផ្លាស់ប្តូរជាច្រើន ប្រទេសចិននឹងចាក់បញ្ចូលនូវកម្លាំងវិជ្ជមានសម្រាប់ការថែរក្សាស្ថិរភាពក្នុងតំបន់ និងលើពិភពលោកទាំងមូល ហើយនឹងផ្តល់ដល់ប្រទេសទន្លេមេគង្គនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី រួមគ្នាបង្កើតតំបន់គំរូនៃការកសាង“ខ្សែក្រវាត់ និងផ្លូវ”ដោយមានគុណភាពខ្ពស់ តំបន់ឈានមុខនៃគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍជាសកល តំបន់ពិសោធន៍នៃគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក និងតំបន់នាំមុខនៃគំនិតផ្តួចផ្តើមអរិយធម៌ពិភពលោក ដើម្បីកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។