កម្មវិធីអបអរសាទរខួបលើកទី ៧ នៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ប្រារឰនៅប្រទេសមីយ៉ាន់ម៉ា

lmcchina.org, March 27, 2023
Size:

នៅថ្ងៃទី ២៣ ខែមីនា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានរៀបចំពិធីបដិសណ្ឋារកិច្ច និងពិព័រណ៍សមិទ្ធផលនៃមូលនិធិពិសេសអំពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គនៅរដ្ឋធានីណៃពីដោ ដើម្បីអបអរសាទរខួបលើកទី ៧ ឆ្នាំនៃការបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ។ ឯកឧត្តម ទីង អាងសាន ឧបនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ឯកឧត្តម តាន ហួយ រដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងឯកឧត្តម ឆឹន ហៃ ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា និងមន្ត្រីការទូតប្រទេសឡាវ ថៃ វៀតណាម និងកម្ពុជា សរុបជាង ២០០ នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ពិព័រណ៍នេះបានដាក់បង្ហាញពីសមិទ្ធផលរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការចូលរួមគម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ឯកឧត្តម តាន ហួយ បានថ្លែងថា មូលនិធិពិសេសអំពីកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានផ្តល់ការគាំទ្រដល់គម្រោងជាង ៦០០ ដែលបានរួមវិភាគទានជាច្រើនក្នុងការអភិវឌ្ឍតំបន់។ គម្រោងចំនួន ៩២ របស់ភាគីមីយ៉ាន់ម៉ាបានទទួលការគាំទ្រដែលមានការពាក់ព័ន្ធទៅនឹងវិស័យចំនួន ៣៤ ហើយបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីចិន។ ឯកឧត្តមបន្តទៀតថា ក្នុងនាមជាសហប្រធាន ភាគីមីយ៉ាន់ម៉ានឹងរួមសហការគ្នាជាមួយប្រទេសទន្លេឡានឆាង-មេគង្គផ្សេងៗទៀត ដើម្បីរួមគ្នាកសាងតំបន់ដែលប្រកបដោយសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍដោយចីរភាព។