សិក្ខាសាលា“យុវជនឡានឆាង-មេគង្គ អនឡាញ ៖ អភិបាលកិច្ចនៃតំបន់ឡានឆាង-មេគង្គ”លើកទី ២ ប្រារឰនៅសាកលវិទ្យាល័យហ្វូតាន

lmcchina.org, February 27, 2023
Size:

កាលពីថ្ងៃទី ១៣ ដល់ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ សិក្ខាសាលា“យុវជនឡានឆាង-មេគង្គ អនឡាញ ៖ អភិបាលកិច្ចនៃតំបន់ឡានឆាង-មេគង្គ”លើកទី ២ បានប្រារឰនៅសាកលវិទ្យាល័យហ្វូតានដោយជោគជ័យ។ ភ្ញៀវកិត្តិយស គ្រូបង្រៀន និងនិស្សិតរាប់រយនាក់ដែលមកពីក្រសួងការបរទេសចិន សាកលវិទ្យាល័យហ្វូតានប្រទេសចិន សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រទេសកម្ពុជា សាកលវិទ្យាល័យរដ្ឋប្រទេសឡាវ សាកលវិទ្យាល័យ Prince of Songkla ប្រទេសថៃ សាកលវិទ្យាល័យ Yangon ប្រទេសមីយ៉ាន់ម៉ា និងវិទ្យាស្ថានទំនាក់ទំនងការទូតប្រទេសវៀតណាមជាដើម បានចូលរួមក្នុងសិក្ខាសាលានេះតាមអនឡាញ។

ក្នុងរយៈពេល ៥ ថ្ងៃនៃសិក្ខាសាលានេះ អ្នកជំនាញដែលមកពីប្រទេសឡានឆាង-មេគង្គទាំង ៦ បានធ្វើបទបង្ហាញ ១៤ លើកក្រោមប្រធានបទអំពីអភិបាលកិច្ចនៃតំបន់ទន្លេឡានឆាង-មេគង្គ និងបានពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ សមិទ្ធផលនៃការអភិវឌ្ឍតំបន់ទន្លេមេគង្គ ការផ្លាស់ប្តូរយុវជនឡានឆាង-មេគង្គ សេដ្ឋកិច្ចបៃតង ពាណិជ្ជជកម្មនិងវិនិយោគ ការគ្រប់គ្រងជំងឺកូវីដ ១៩ ការកាត់បន្ថយភាពក្រីក្រនិងការទប់ទល់នឹងគ្រោះមហន្តរាយ សន្តិសុខនិងអភិបាលកិច្ចធនធានទឹកជាដើម ដែលបានធ្វើឱ្យនិស្សិតនៃប្រទេសទាំង ៦ ទទួលបានផលប្រយោជន៍ជាច្រើន។