លោក Li Keqiang នាយករដ្ឋមន្ត្រីចិនជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា

CRI, February 13, 2023
Size:

      រសៀលថ្ងៃទី១០ ខែកុម្ភៈ នៅវិមានសភាប្រជាជនចិន លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ។

      ថ្លែងក្នុងកិច្ចជំនួប លោក Li Keqiang បានលើកឡើងថា ប្រទេសចិនគាំទ្រកម្ពុជាឱ្យដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ប្រទេសខ្លួន រីករាយបន្តផ្តល់ជំនួយតាមលទ្ធភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ចិនរំពឹងទុកថា ភាគីទាំងពីរអាចចាត់ទុកខួបទី៦៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជាជាឱកាស បង្កើនការប្រាស្រ័យទាក់ទងខាងយុទ្ធសាស្ត្រ បន្តផ្តល់ការគាំទ្រយ៉ាងមុតមាំដល់គ្នាទៅវិញទៅមកក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន និងបញ្ហាធំនិងសំខាន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ធ្វើឱ្យការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិមានភាពកាន់តែជិតស្និទិ ដើម្បីបើកទំព័រថ្មីរបស់ទំនាក់ទំនងរវាងចិននិងកម្ពុជា ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរឱ្យបានកាន់តែល្អ ។

      លោក Li Keqiang បានលើកឡើងទៀតថា កិច្ចសហប្រតិបតិ្តការរវាងចិននិងកម្ពុជាអាចបំពេញបន្ថែមគ្នាផ្នែកឧត្តមភាព ។ រំពឹងទុកថា ភាគីទាំងពីរអាចប្រើប្រាស់ឱ្យបានល្អនូវអត្ថប្រយោជន៍ ដែលនាំមកដោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ក្នុងន័យបង្កើនកិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្ម និងជំរុញឱ្យកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគជាដើមត្រូវលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ ។

      ជាការឆ្លើយតប សម្តេច ហ៊ុនសែន បានថ្លែងថា មិត្តភាពរវាងកម្ពុជានិងចិនមានភាពរឹងមាំមិនអាចបំបែកបំបាក់បានទេ កិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ ហើយរីករាយចាត់ទុកខួបទី៦៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងកម្ពុជានិងចិនជាកាលានុវត្តភាព រួមសហការជាមួយប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល ហិរញ្ញវត្ថុ ការអនុវត្តច្បាប់ និងវប្បធម៌មនុស្សជាតិជាដើម ក៏ដូចជាចាប់ដៃគ្នាបង្កើតសហគមន៍រួមវាសនារវាងកម្ពុជានិងចិនឱ្យបានល្អ ។ សូមស្វាគមន៍ទេសចរចិនកាន់តែច្រើនទៅធ្វើទេសចរណ៍នៅប្រទេសកម្ពុជា ៕