ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦ខែទៀត

CRI, February 7, 2023
Size:

ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខមីយ៉ាន់ម៉ាបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១ ខែកុម្ភៈថា ដោយសារប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពមិនប្រក្រតីដដែល ដូច្នេះស្ថាប័ននេះបានសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦ខែទៀតចាប់ពីថ្ងៃដដែលនេះតទៅ ដោយអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធដែលចែងក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានផ្សាយដំណឹងនៅថ្ងៃទី ១ ខែកុម្ភៈថា លោក Myint Swe ប្រធានាធិបតីបណ្តោះអាសន្នរបស់មីយ៉ាន់ម៉ា បានប្រកាសនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខដែលបានបើកធ្វើមុនសេចក្តីប្រកាសមួយថ្ងៃថា  អនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនៃរដ្ឋធម្មនុញ្ញ នឹងបន្តផ្ទេរទំនួលខុសត្រូវពាក់ព័ន្ធរបស់ប្រទេសជាតិជូនទៅប្រធានគណៈកម្មាធិការគ្រប់គ្រងជាតិ និងអគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិដដែល។

គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានចេញបទបញ្ជានៅល្ងាចថ្ងៃទី ១ ខែកុម្ភៈថា លោក Min Aung Hlaing នឹងបន្តធ្វើជាប្រធានគណៈកម្មាធិការគ្រប់គ្រងជាតិ និងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា ហើយក្រុមប្រឹក្សាកណ្តាលនៃគណៈកម្មាធិការគ្រប់គ្រងជាតិនឹងត្រូវបានបង្កើតឡើង។