ដោយបានរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុលើពិភពលោក ទន្លេឡានឆាង-មេគង្គបានជួបនឹងគ្រោះរាំងស្ងួតតាមតំបន់ខ្លះៗ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ដីធ្លី ៧០% និងប្រជាជន ៦០% នៃតំបន់អាស៊ីអាគ្នេយ៍បានរងគ្រោះពីការរាំងស្ងួតដ៏ធ្ងន់ធ្ងរ។ លោកសាស្ត្រាចារ្យ ឡុង ទី នៃសាកលវិទ្យាល័យឈីងហួ និងក្រុមការងារសិក្សាស្រាវជ្រាវរបស់លោក បានធ្វើការព្យាករណ៍អំពីនិន្នាការនៃលំហរទឹក ឧតុនិយម និងការរាំងស្ងួតតាមទន្លេឡានឆាង-មេគង្គក្នុងចន្លោះពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៥០ ហើយបានសន្និដ្ឋានថា ក្នុងចន្លោះពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៥០ តំបន់ទន្លេឡានឆាង-មេគង្គនឹងកើតមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតកាន់តែច្រើន។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា និយាយជាទូទៅ ការសាងសង់ស្ថានីយវារីអគ្គិសនី និងទំនប់ទឹកមានផលប្រយោជន៍ហើយក៏មានផលប៉ះពាល់អវិជ្ជមានដែរ តែការសាងសង់វារីអគ្គិសនីតាមទន្លេឡានឆាង-មេគង្គអាចនាំមកនូវផលប្រយោជន៍ច្រើនជាងផលប៉ះពាល់អវិជ្ជមាន។ ទំនប់ទឹកអាចស្តុកទឹកបានច្រើនក្នុងរដូវវស្សា ដែលអាចកាត់បន្ថយនូវហានិភ័យនៃការកើតគ្រោះទឹកជំនន់តាមកំណាត់ខាងក្រោមនៃទន្លេមេគង្គ ហើយអាចបង្ហូរទឹកឱ្យទាន់ពេលនៅរដូវប្រាំង ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ចំពោះវិស័យកសិកម្ម និងប្រព័ន្ធអេកូឡូស៊ីតាមទន្លេ។ បើមិនមានទំនប់ទឹក វានឹងអាចកើតមានគ្រោះរាំងស្ងួត និងទឹកជំនន់ច្រើនជាងពេលនេះ។
ជាពិសេស ដោយសារពិភពលោកយើងកំពុងមានការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយនឹងអាចកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ទំបន់ទឹកកំពុងដើរតួនាទីវិជ្ជមានយ៉ាងសំខាន់។ ទន្ទឹមនឹងនេះដែរ ប្រទេសចិនកំពុងខិតខំយ៉ាងសកម្មដើម្បីជំរុញឱ្យទំនប់ទឹកចូលរួមចំណែកក្នុងការស្តារ និងការពារអេកូឡូស៊ីក្នុងតំបន់។ លោកសាស្ត្រាចារ្យ ឡុង ទី បន្តទៀតថា ឱ្យតែធ្វើការសិក្សាស្រាវជ្រាវ គូរប្លង់ និងឌីហ្សាញឱ្យបានត្រឹមត្រូវ យើងក៏អាចជំរុញឱ្យទំនប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រផ្សេងៗទៀតដើរតួនាទីកាន់តែមានភាពសកម្ម និងវិជ្ជមាន ដើម្បីចាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ និងសម្រេចបាននូវការចុះសម្រុងគ្នារវាងមនុស្ស និងធម្មជាតិក្នុងតំបន់។