នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ លោក ចូវ ជាំងហៃ អ្នកតំណាងដែលចូលរួមសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ បានបញ្ជាក់ថា ក្រោយពីសហគ្រាសបានរីកចម្រើនមានទ្រង់ទ្រាយធំ អាចបម្រើដល់ផលប្រយោជន៍រួមរបស់ប្រទេសជាតិ។ យើងខិតខំយ៉ាងសកម្មដើម្បីចូលរួមចំណែកក្នុងការស្ថាបនា“ខ្សែក្រវាត់ និងផ្លូវ” រួមសហការគ្នាជាមួយសហគ្រាសចិន និងកម្ពុជាដើម្បីសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្នុងតំបន់ឧស្សាហកម្មដែលមានទំហំ ១១,៣១ គីឡូម៉ែត្រនោះ មានសហគ្រាសចំនួន ១៧០ ដែលមកពីប្រទេសចិន អឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ហើយបានផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរជិត ៣ ម៉ឺននាក់។ កាលពីមុន គ្រួសាររបស់ពួកគេទទួលបានចំណូលតិចជាង ៣០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ តែឥឡូវបុគ្គលិកម្នាក់ដែលធ្វើការក្នុងតំបន់សេដ្ឋកិច្ចពិសេសអាចបានចំណូល ៣០០ ដុល្លារជារៀងរាល់ខែ។ ពួកគេបានសង់ផ្ទះថ្មី ទិញម៉ូតូ និងរថយន្តរបស់ខ្លួន ហើយមានជីវភាពកាន់តែធូរធារ។ ដូច្នេះ ពួកគេមានភាពសប្បាយរីករាយខ្លាំងណាស់ ហើយដាក់ឈ្មោះឱ្យតំបន់សេដ្ឋកិច្ចពិសេសយើងថា “ចានបាយមាស”! តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាក់បញ្ចូលនូវកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ យើងបានផ្តល់ជំនួយឧបត្ថម្ភសម្រាប់សាងសង់សាលារៀន និងសួនកំសាន្ត ហើយរៀបចំនិងបង្កើតក្រុមអ្នកស្ម័គ្រចិត្តទៅជួយព្យាបាលជំងឺឱ្យអ្នកស្រុកក្នុងតំបន់។ ប្រជាជនខ្មែរគោរពយើង ហើយគាំទ្រតំបន់សេដ្ឋកិច្ចពិសេសយើង ព្រមទាំងបានដាក់ឈ្មោះឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថាជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ចិន-កម្ពុជា។