កាលពីថ្ងៃទី ១៦ ខែមីនា លោកChen Xi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនបានជួបសន្ទនាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជានៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ។
ថ្លែងក្នុងកិច្ចជំនួប លោក Chen Xi បានលើកឡើងថា ប្រទេសចិនមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយកម្ពុជា ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងនិងពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាការគ្រប់គ្រងមុខងារសាធារណៈ និងបន្តបំពេញបន្ថែមខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងជំនួយយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា កម្ពុជាមានឆន្ទៈបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញទំនាក់ទំនងរវាងកម្ពុជានិងចិនឱ្យវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។
បន្ទាប់ពីកិច្ចជំនួប រដ្ឋមន្រ្តីទាំងពីរបានរួមគ្នាធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលជាតិមុខងារសាធារណៈចិន និងក្រសួងមុខងារសាធារណៈកម្ពុជា៕