ភាពសុខដុមរវាងជនជាតិចិននិងជនជាតិខ្មែរនៅកម្ពុជា

CRI, March 3, 2022
Size:

ឯកសារប្រវត្តិសាស្រ្តបង្ហាញថា ប្រទេសកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយឈ្មួញជនជាតិចិនចាប់តាំងពីដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជ ប៉ុន្តែអ្នកស្រាវជ្រាវខ្លះបានអះអាងថាប្រទេសកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយឈ្មួញជនជាតិចិន តាំងពីប្រហែល៣០០ឆ្នាំមុនគ្រិស្តសករាជ មកម្លេះ។

ទោះបីមានទំនាក់ទំនងពាណិជ្ជកម្មជាមួយឈ្មួញជនជាតិចិនដ៏យូរលង់ដូច្នោះ ក៏ដោយ កំណត់ត្រាប្រវត្តិសាស្រ្តហាក់ដូចជាបង្ហាញថាមិនមានជនជាតិចិនក្នុងចំនួនច្រើន រស់នៅក្នុងប្រទេសកម្ពុជានៅក្នុងសម័យកាលមុនអង្គរនិងសម័យអង្គរនោះឡើយ។ កំណើនវត្តមានជនជាតិចិននៅកម្ពុជា កើតឡើងនៅក្រោយពេលកម្ពុជាផ្លាស់ប្ដូររាជធានី ពីអង្គរ មកភ្នំពេញ នៅឆ្នាំ១៤៣៤។ នាពេលនោះ រាជធានីភ្នំពេញ បានក្លាយជាទីក្រុងពាណិជ្ជកម្មមួយ ដែលទាក់ទាញអ្នកជំនួញបរទេសជាច្រើនចូលមកកម្ពុជា។  មានការអះអាងថា ជនជាតិចិនអម្បូរភាសាហុកគៀន បានធ្វើអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជាមុនដំបូងគេ នៅក្នុងសតវត្សរ៍ទី១៥នេះ។ ការធ្វើចំណាកស្រុកទ្រង់ទ្រាយធំរបស់ជនជាតិចិនចូលមកកម្ពុជា បានកើតឡើងនៅក្នុងសតវត្សរ៍ទី១៧។ មូលហេតុចម្បងនៃការធ្វើចំណាកស្រុករបស់ពួកគេនាពេលនោះ គឹការដួលរលំនៃរាជវង្សម៉េងនៅឆ្នាំ១៦៤៤ ដែលត្រូវបានផ្ដួលរំលំដោយជនជាតិម៉ាន់ជូ។ នៅឆ្នាំ១៦៧៥ ម៉ាក គូ ជាជនជាតិចិនអម្បូរភាសាហៃណាន ដែលមានភក្ដីភាពចំពោះរាជវង្សម៉េង បានធ្វើចំណាកស្រុកមកកាន់បន្ទាយមាសនៃខេត្តកំពត ហើយនៅពេលក្រោយមក គាត់បាននាំយក ជនជាតិចិនអម្បូរភាសាហៃណានជាច្រើន មកកាន់បន្ទាយមាស ខេត្តកំពត ដើម្បីរត់គេចចេញពីការគ្រប់គ្រងរបស់ជនជាតិម៉ាន់ជូ។ នៅឆ្នាំ១៦៧៩ មេទ័ពជនជាតិចិនអម្បូរភាសាកាតាំង ឈ្មោះ យ៉ាង យិនឌី ដែលអស់សង្ឃឹមថានឹងអាចធ្វើការតស៊ូដើម្បីស្ដាររាជវង្សម៉េងឡើងវិញ បានដឹកនាំជនជាតិចិនជាច្រើន ភៀសខ្លួនមកភាគខាងត្បួង ចូលមកកាន់ប្រទេសដាយវៀត ហើយពួកគេមួយចំនួន បានធ្វើដំណើរបន្តចូលមកអាណាចក្រចម្ប៉ា និងហួសចូលមកកម្ពុជា ដោយអ្នកខ្លះបានមករស់នៅក្នុងខេត្តតាកែវ ខេត្តកំពត និងតាមដងទន្លេបាសាក់ និងទន្លេមេគង្គ។   នៅត្រឹមឆ្នាំ១៨៩៧ ទីក្រុងភ្នំពេញមានមនុស្សរស់នៅសរុបចំនួន ៥០ ០០០នាក់ ដោយមានជនជាតិចិនចំនួន ២២ ០០០ នាក់ ដែលស្មើនឹង៤៤% នៃចំនួនប្រជាជនសរុប។

ចាប់ពីទសវត្សរ៍ឆ្នាំ១៩៣០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០ ជនជាតិចិនទាជីវជាច្រើនបានភៀសខ្លួនចូលមកកម្ពុជា ជាពិសេសមកពីប្រទេសថៃ ដោយនៅគ្រាដំបូង ពួកគេមកតាំងទីលំនៅក្នុងខេត្តបាត់ដំបង នៅពេលខេត្តនេះស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ប៉ុន្តែនៅក្រោយពេលប្រទេសថៃប្រគល់ខេត្តនេះមកកម្ពុជាវិញ ជនជាតិចិនទាជីវទាំងនោះបន្តរស់នៅក្នុងខេត្តនោះ ដោយមិនត្រឡប់ទៅកាន់ប្រទេសថៃវិញនោះឡើយ ដែលធ្វើឲ្យចំនួនជនជាតិចិនទាជីវនៅកម្ពុជា កើនចំនួនច្រើនជាងចំនួនជនជាតិចិនអម្បូរភាសាផ្សេងៗទៀត។

ជនជាតិចិនដែលរស់នៅកម្ពុជាអាចត្រូវបែងចែកជា៥ក្រុមផ្សេងៗគ្នា ដោយផ្អែកលើអម្បូរភាសារបស់ពួកគេ ពោលគឺ ចិនទាជីវ ចិនកាតាំង ចិនហុកគៀន ចិនហៃណាណ និងចិនហាក់កាឬចិនខិ។ ចិនទាជីវ មានចំនួនច្រើនជាងគេបំផុត ដោយអ្នកសិក្សាស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថា ប្រហែល៨០% នៃជនជាតិចិនដែលរស់នៅកម្ពុជា គឺជនជាតិចិនទាជីវ។ ជនជាតិចិនអម្បូរភាសាទាជីវ គឺជាជនជាតិហាន ដែលមានប្រភពមកពីតំបន់ចៅហ្សាននៃខេត្តក្វាងទុង ហើយពួកគេភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកំពង់ចាម។ អម្បូរភាសាកាតាំង ត្រូវគេប្រើប្រាស់ភាគច្រើននៅទីក្រុងកាន់តុននៃខេត្តក្វាងចូវ ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងតំបន់ប៉ែកខាងកើតនៃខេត្តគ័ងស៊ី។ ភាគច្រើននៃជនជាតិចិនអម្បូរភាសាកាតាំងនៅក្នុងប្រទេសកម្ពុជា បានធ្វើចំណាកស្រុកមកពីតំបន់ក្បែរៗទីក្រុងកាន់តុងនៃខេត្តក្វាងចូវ។ ពួកគេភាគច្រើន រស់នៅក្នុងក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ ទាំងចិនទាជីវ និងចិនកាតាំង មានគំនិតអភិរក្សនិយមខ្លាំង ដោយពួកគេមិនចង់ឲ្យកូនចៅរបស់ខ្លួន រៀបការជាមួយជនជាតិចិនអម្បូរភាសាដទៃ ឬជនជាតិខ្មែរ នោះឡើយ។ អម្បូរភាសាហុកគៀន  ត្រូវគេប្រើប្រាស់ភាគច្រើននៅក្នុងខេត្តហ៊្វូជៀន។  នៅក្នុងប្រទេសកម្ពុជា ភាគច្រើននៃចិនហុកគៀនដែលមានប្រភពមកពីខេត្តហ៊្វូជៀន រស់នៅក្នុងទីក្រុងភ្នំពេញនិងខេត្តបាត់ដំបង។ ចិនហុកគៀន មានបំណងចង់ក្លាយជាជនជាតិខ្មែរ ចង់បម្រើការងារក្នុងរដ្ឋាភិបាល ហេតុដូច្នេះពួកគេពេញចិត្តនឹងអនុញ្ញាតឲ្យកូនចៅរបស់ពួកគេរៀបការជាមួយជនជាតិខ្មែរ រៀនភាសារខ្មែរ និងប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ខ្មែរ។ អម្បូរភាសាហាក់កា ត្រូវប្រើប្រាស់ដោយជនជាតិហាននៅខេត្តក្វាងទុង ជាងស៊ី និងហ៊្វូជៀន។ ចិនហាក់កាឬចិនខិដែលរស់នៅកម្ពុជា ភាគច្រើនបានចាកចេញមកពីស្រុកស៊ីងនីង នៃខេត្តក្វាងទុង ដោយពួកគេភាគច្រើន រស់នៅក្នុងខេត្ត ស្ទឹងត្រែង តាកែវ និង រតនគិរី ។ ចិនហាក់កាឬចិនខិក៏មានបំណងប្រហាក់ប្រហែលនឹងចិនហុកគៀនផងដែរ ដោយពួកគេចង់ក្លាយខ្លួនជាខ្មែរ និងពេញចិត្តនឹងអនុញ្ញាត្តឲ្យកូនចៅរបស់ពួកគេរៀបការជាមួយជនជាតិខ្មែរ រៀនភាសាខ្មែរ និងប្រតិបត្តិប្រពៃណីវប្បធម៌ខ្មែរ។ អម្បូរភាសាហៃណាន គឺជាអម្បូរភាសាដែលបែកចេញពីអម្បូរភាសាហុកគៀន។ ជនជាតិចិនដែលរស់នៅលើកោះហៃណាន ប្រើប្រាស់អម្បូរភាសាហៃណាន។ ភាគច្រើននៃចិនហៃណាន ដែលបានធ្វើចំណាកស្រុកចូលមកកម្ពុជារស់នៅក្នុងអតីតខេត្តពាមបន្ទាយមាសឬសព្វថ្ងៃហៅថាខេត្តកំពត ដោយទីតាំងលំនៅជាប្រវត្តិសាស្រ្តរបស់ពួកគេគឺអតីតពាមបន្ទាយមាស ផ្នែកខ្លះនៃខេត្តនេះលាតសន្ធឹងនៅស្រុកទូកមាសនិងស្រុកកំពង់ត្រាចបច្ចុប្បន្ន។ នាពេលក្រោយមក ពួកគេមួយចំនួនបានផ្លាស់ទីលំនៅទៅកាន់ទីក្រុងភ្នំពេញ ទៅកាន់ស្រុកស្រែអំបិលនៃខេត្តកោះកុង និងទៅកាន់ស៊ីសុផុន ផងដែរ។

ជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជា បានឆ្លងកាត់គ្រប់ព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែពួកគេបានតស៊ូជំនះភាពលំបាក និងបត់បែនទៅតាមកាលៈទេសៈ ដែលធ្វើឲ្យពួកគេអាចបន្តរស់រានមានជីវិតនិងស្ថិតនៅគង់វង្សរហូតមកដល់សព្វថ្ងៃ។ ជនជាតិចិននិងជនជាតិខ្មែរ បានរស់នៅជាមួយគ្នាក្នុងប្រទេសនេះប្រកបដោយភាពសុខដុម អស់រយៈពេលរាប់រយឆ្នាំមកហើយ។ មានកត្តាចម្បងៗមួយចំនួនដែលរួមចំណែកបង្កើតភាពសុខដុមរវាងជនជាតិចិននិងជនជាតិខ្មែរនៅក្នុងប្រទេសកម្ពុជា។ កត្តាអំណោយផលទី១ គឺកត្តាភូមិសាស្រ្ត។ ប្រទេសចិនមិនមានព្រំដែនជាប់នឹងប្រទេសកម្ពុជា ដែលធ្វើឲ្យកម្ពុជានិងចិន មិនមានជម្លោះប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងបូរណភាពដែនដី ដែលជាបញ្ហារសើបដែលប៉ះពាល់ដល់អារម្មណ៍ជនជាតិខ្មែរ។ កត្តាអំណោយផលដ៏សំខាន់មួយទៀត គឺគោលនយោបាយបរទេសរបស់ប្រទេសទាំងពីរ។ ជាទូទៅ មេដឹកនាំកម្ពុជានិងចិនតែងតែប្រកាន់ជំហររក្សានិងពង្រឹងទំនាក់ទំនងទ្វេភាគីដ៏ល្អ។ ទន្ទឹមនឹងនេះ ចាប់តាំងពីដើមទស្សវត្សរ៍ឆ្នាំ១៩៩០មក ប្រព័ន្ធនយោបាយប្រជាធិបតេយ្យត្រូវបានដាក់ឲ្យដំណើរការនៅកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា បានប្រកាន់យក គោលនយោបាយសុខដុមរមនីយកម្មជាតិសាសន៍ ដោយផ្ដល់សិទ្ធិសេរីភាពជូនដល់គ្រប់ក្រុមជាតិសាសន៍ទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា។ កត្តាសំខាន់មួយទៀត គឺជនជាតិចិនខ្លួនឯង ធ្វើសមាហរណកម្មយ៉ាងល្អចូលទៅក្នុងសង្គមវប្បធម៌កម្ពុជា។ ពួកគេគោរពច្បាប់ ប្រពៃណីទំនៀមទម្លាប់ជនជាតិខ្មែរ  ប្រារព្ធពិធីនានាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងរៀបការជាមួយជនជាតិខ្មែរ ផងដែរ។ ទន្ទឹមនឹងនេះ ពួកគេភាគច្រើនសម្គាល់អត្តសញ្ញាណខ្លួនឯងថាជាជនជាតិខ្មែរ និងចាត់ទុកប្រទេសកម្ពុជាជាទឹកដីកំណើត ដោយពួកគេនិយាយភាសាខ្មែរ រៀននៅក្នុងសាលាខ្មែរ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ប្រកបមុខរបរដូចជាជនជាតិខ្មែរ។  កត្តាអំណោយផលដ៏សំខាន់មួយទៀត គឺភាពបំពេញឲ្យគ្នាទៅវិញទៅមកនៃសកម្មភាពសេដ្ឋកិច្ចរបស់ជនជាតិចិននិងខ្មែរ ដែលពុំមានលក្ខណៈប្រកួតប្រជែងនឹងគ្នា។ ជនជាតិចិនមានទេព្យកោសល្យពូកែខាងប្រកបជំនួញទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ  ចំណែកជនជាតិខ្មែរចូលចិត្តប្រកបរបរកសិកម្មនិងនេសាទជាដើម។ សកម្មភាពចិញ្ចឹមជីវិតរបស់ជនជាតិទាំងពីរ ហាក់ដូចជាជួយបំពេញឲ្យគ្នាទៅវិញទៅមក ដោយពុំមានលក្ខណៈប្រកួតប្រជែងប្រឆាំងនឹងគ្នា នោះឡើយ។