ក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិរបស់ប្រទេសមីយ៉ាន់ម៉ាសម្រេចចិត្តថានឹងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ ខែទៀត

CRI, February 8, 2022
Size:

      ថ្ងៃទី៣១ ខែមករា អនុលោមតាមមាត្រាទី៤២៥នៃរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិរបស់ប្រទេសមីយ៉ាន់ម៉ាសបានសម្រេចចិត្តថា នឹងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ ខែទៀត ។

      តាមសេចកី្តប្រកាសដែលក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិរបស់ប្រទេសមីយ៉ាន់ម៉ាចេញផ្សាយនៅយប់ថ្ងៃទី៣១ ខែមករាឱ្យដឹងថា ក្នុងសន្និសីទនៃក្រុមប្រឹក្សានេះនាថ្ងៃដដែល លោក Min Aung Hlaing អគ្គមេបញ្ជាការនៃកងទ័ពការពារជាតិបានបូកសរុបពីសភាពការណ៍លើវិស័យនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមចាប់តាំងពីបានដាក់ប្រទេសទាំងមូលក្នុងស្ថានភាពអាសន្នមក ។ លោក Min Aung Hlaing បានថ្លែងថា ដោយមកពីមូលហេតុដូចជា ក្នុងតំបន់មួយចំនួននៃប្រទេសមីយ៉ាន់ម៉ានៅតែកើតមានព្រឹតិ្តការណ៍បំផ្លាញនិងវាយប្រហារដោយភេរវកម្មដដែល មន្ត្រីរដ្ឋបាលនៃឃុំនិងសង្កាត់មួយចំនួនក្នុងទូទាំងប្រទេសនៅមិនទាន់ត្រូវបានតែងតាំងមុខដំណែង និងត្រូវត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតប្រជាធិបតេយ្យពហុបក្សជាដើម បានជាស្នើឱ្យបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ ខែទៀត ដោយអនុលោមតាមមាត្រាទី៤២៥ នៃរដ្ឋធម្មនុញ្ញ ។

     សេចក្តីប្រកាសបានថ្លែងថា សមាជិកនៃក្រុមប្រឹក្សាការពារនិងសន្តិសុខជាតិបានធ្វើកិច្ចពិគ្រោះពិភាក្សាអំពីសំណើរបស់លោក Min Aung Hlaing រួចបានសម្រេចជាឯកច្ឆន្ទថា នឹងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ ខែទៀត ៕