នៅថៃ្ងទី ១៤ ខែមករា នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា សម្តេចទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានផ្តល់គ្រឿងឥស្សរិយយសថ្នាក់អស្សឫទ្ធិសន្តិភាពជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រជួយកម្ពុជានៃកងទ័ពរំដោះប្រជាជនចិនលើកទី ១៦ ដើម្បីកោតសរសើរចំពោះការរួមចំណែករបស់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនដែលបានជួយកងទ័ពយោធពលខេមរភូមិន្ទប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអញ្ជើញចូលរួមពិធីផ្តល់គ្រឿងឥស្សរិយយសនេះ ។
សម្តេច ទៀបាញ់បានមានប្រសាសន៍ថា កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រចំនួន ១៦ លើកជាបន្តបន្ទាប់ដើម្បីជួយលើកកម្ពស់សមត្ថភាពព្យាបាលជំងឺរបស់មន្ទីរពេទ្យព្រះកេតុមាលាកម្ពុជា ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះការនេះ ។ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតចិនលើកទី ១៦ បានមកដល់ប្រទេសកម្ពុជា ពួកគេបានចែករំលែកយ៉ាងសកម្មនូវបទពិសោធន៍របស់កងទ័ពចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនិងបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយជោគជ័យរបស់កងទ័ពយោធពលខេមរភូមិន្ទ ។
លោក Wang Wentian បានថ្លែងថា បន្ទាប់ពីបានផ្ទុះជំងឺកូវីដ ១៩ មក ប្រទេសទាំងពីរនិងកងទ័ពទាំងពីរបាននិងកំពុងជួយយកអាសាគ្នាទៅវិញទៅមក រួមសុខរួមទុក្ខក្នុងគ្រាលំបាក ហើយក្រុមអ្នកជំនាញវេជ្ជសាស្ត្រជួយកម្ពុជានៃកងទ័ពរំដោះប្រជាជនចិនគឺបានបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងប្រាកដប្រជារវាងកងទ័ពទាំងពីរនិងប្រទេសទាំងពីរចិននិងកម្ពុជា ៕