នៅត្រឹមខែធ្នូនេះ សកម្មភាពសេដ្ឋកិច្ចសង្គមគ្រប់ប្រភេទទាំងអស់បានបើកដំណើរការពេញលេញនៅទូទាំងប្រទេសកម្ពុជា និងទន្ទឹមគ្នានេះ ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ ក៏ត្រូវបានអនុញ្ញាតឲ្យចូលមកទស្សនាប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ផងដែរ។ វិធានការបើកប្រទេសឡើងវិញនេះ ត្រូវបានអនុវត្ត ក្រោយពេលចំនួនមនុស្សដែលឆ្លងជំងឺកូវីដ-១៩ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយនៅពេលថ្មីៗនេះ ចំនួនអ្នកឆ្លងនៅក្នុងសហគមន៍ និងអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ បានធ្លាក់ចុះមកនៅត្រឹមតួលេខតែមួយខ្ទង់ប៉ុណ្ណោះ។
ការបើកឲ្យដំណើរការពេញលេញនូវសកម្មភាពសេដ្ឋកិច្ចសង្គមគ្រប់ប្រភេទ និងការបើកទទួលភ្ញៀវទេសចរបរទេស នឹងជួយជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ ក្នុងឆ្នាំ២០២១នេះ តាមការវាយតម្លៃពីធនាគារពិភពលោក ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា២,២% ដោយបានងើបឡើងវិញពីអត្រាទាបបំផុត -៣,១% នៅក្នុងឆ្នាំ២០២០ ហើយធនាគារពិភពលោក ព្យាករថានៅឆ្នាំ២០២២ខាងមុខ កម្ពុជាអាចនឹងទទួលបានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤,៥%។
តាមការសង្កេតជាក់ស្ដែង ជំងឺកូវីដ-១៩ ប្រហែលជានឹងមិនរលត់បាត់ពីភពផែនដីនេះជារៀងរហូត កម្ពុជា ក៏ដូចជាប្រទេសនានា ចាំបាច់ត្រូវរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាពុំមែនអនុវត្តជម្រើសនេះដោយប្រថុយប្រថាននោះឡើយ ការជ្រើសរើសយកជម្រើសនេះ គឺផ្អែកជាចម្បងទៅលើភាពស៊ាំសហគមន៍ដ៏រឹងមាំដែលកម្ពុជាសម្រេចបានតាមរយៈអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។ រហូតមកដល់សប្ដាហ៍ទីបួននៃខែធ្នួនេះ ប្រជាជនកម្ពុជាចំនួនជាង១៤ លាននាក់ ឬជាង៨៩%នៃប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនេះគឺជាអត្រាមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនានានៅក្នុងតំបន់ ហើយអត្រានេះគឺប្រហាក់ប្រហែលទៅនឹងអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសអភិវឌ្ឍន៍នានា ផងដែរ។
ដើម្បីបង្កើតភាពស៊ាំសហគមន៍ដ៏រឹងមាំដែលនឹងអនុញ្ញាតឲ្យបើកដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមគ្រប់ប្រភេទ រដ្ឋាភិបាលបានខិតខំស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីគ្រប់ប្រភពទាំងអស់ដោយមិនរើសអើងដើម្បីផ្ដល់ជូនប្រជាជន។ យុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្ដើមនៅថ្ងៃទី១០ ខែកុម្ភៈ ២០២១ ក្រោយពេលកម្ពុជាទទួលបានអំណោយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកដំបូង ចំនួន ៦០ ម៉ឺន ដូស ពីប្រទេសចិននៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយយុទ្ធនាការនេះបានសម្រេចគោលដៅរបស់ខ្លួន បានឆាប់រហ័សជាងផែនការគ្រោងទុក។ កត្តាជាច្រើនដែលរួមចំណែកដល់ជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ មានដូចជា ការខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងពីប្រភពចម្រុះតាមដែលអាចធ្វើទៅបាន យុទ្ធសាស្រ្តចាក់វ៉ាក់សាំងដោយផ្ដោតទៅលើទីតាំងភូមិសាស្រ្តដែលប្រជាជនរស់នៅ ជាជាងផ្តោតទៅលើអាយុរបស់ប្រជាជន ការប្រមូលផ្ដុំធនធានសម្ភារៈនិងធនធានមនុស្សពីគ្រប់ស្ថាប័នដោយរួមទាំងស្ថាប័នកងកម្លាំងប្រដាប់អាវុធ ដើម្បីពន្លឿនល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការយល់ដឹងរបស់ប្រជាជននិងការចូលរួមដ៏សកម្មរបស់ពួកគេក្នុងការទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងចំណោមកត្តាគន្លឹះទាំងនេះ កត្តាស្នូលដ៏សំខាន់មួយដែលនាំទៅរកជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា គឺការផ្គត់ផ្គង់វ៉ាក់សាំងប្រកបដោយនិរន្តរភាព។ ដោយសារវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានចាត់ទុកថាជាទំនិញយុទ្ធសាស្រ្តដ៏សំខាន់នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងសកលលោក ប្រទេសនានា ជាពិសេសប្រទេសអភិវឌ្ឍន៍ដែលមានធនធានហិរញ្ញវត្ថុច្រើនមហាសាល បានដណ្ដើមទិញយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មករក្សាទុក ដោយប្រទេសខ្លះបានរក្សាទុកវ៉ាក់សាំងរហូតលើសពីតម្រូវការប្រើប្រាស់របស់ខ្លួន និងក្រោយមកបានយកវ៉ាក់សាំងជាច្រើនទៅកម្ទេចចោល ដោយសារតែវ៉ាក់សាំងទាំងនោះផុតសុពលភាពប្រើប្រាស់។ ការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងការដណើ្ដមទិញយកវ៉ាក់សាំងបែបនេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកផ្ដល់ជូនប្រជាជនរបស់ខ្លួន។ នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាបែបនេះ កម្ពុជាយល់ឃើញថា នៅក្នុងចំណោមប្រភពវ៉ាក់សាំងទាំងអស់ ប្រភពវ៉ាក់សាំងចិនអាចធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់បានល្អបំផុតសម្រាប់កម្ពុជា ទើបកម្ពុជាសម្រេចចិត្តជ្រើសរើសយកប្រទេសចិនធ្វើជាខ្នងបង្អែកយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង ដែលនេះគឺជាជម្រើសបែបជាក់ស្ដែងនិយមនិងត្រឹមត្រូវ។ ជាការពិត ប្រទេសចិន គឺជាប្រទេសដំបូងគេដែលបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជាប្រទេសដែលបានផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតមកកម្ពុជា ដោយប្រមាណ៩០% នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សរុបជាង៤១លានដូសដែលកម្ពុជាទទួលបានរហូតមកដល់ពេលនេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលប្រទេសចិនបានផ្ដល់ជាជំនួយនិងជួយសម្របសម្រួលការបញ្ជាទិញរបស់កម្ពុជា។ មានការរិះគន់វាយប្រហារជាច្រើនទៅលើជម្រើសរបស់រដ្ឋាភិបាលកម្ពុជា និងប្រសិទ្ធភាពរបស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសចិន ប៉ុន្តែសម្រាប់កម្ពុជា វ៉ាក់សាំងល្អបំផុត គឺជាវ៉ាក់សាំងដែលយើងអាចទទួលបាន និងមាននៅក្នុងដៃ។ ការបើកដំណើរការពេញលេញនូវសកម្មភាពសេដ្ឋកិច្ចសង្គមនៅក្នុងស្រុកគ្រប់ប្រភេទ មិនត្រឹមតែឆ្លុះបញ្ចាំងនូវជម្រើសដ៏ត្រឹមត្រូវរបស់កម្ពុជា តែប៉ុណ្ណោះទេ តែវាថែមទាំងឆ្លុះបញ្ចាំងនូវប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា និងពង្រឹងភាពធន់មាំនិងជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងក្នុងអំឡុងពេលនិងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ-១៩។