ឆ្នាំ២០២១នឹងជិតកន្លងផុតទៅហើយ ។ យើងបានរៀបចំព្រឹត្តិការណ៍សំខាន់ទាំង១០នៃការផ្លាស់ប្តូរមិត្តភាពរវាងចិននិងកម្ពុជានៅឆ្នាំ២០២១ ដើម្បីរំលឹកឡើងវិញអំពីមិត្តភាពយូរអង្វែងរវាងចិននិងកម្ពុជា។
នាព្រឹកថ្ងៃទី១៤ ខែមករា ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានយាងទៅបំពេញទស្សនកិច្ចនៅស្ថានទូតចិនប្រចាំកម្ពុជា និងចូលរួមពិធីកាត់ខ្សែបូ“សួនមិត្តភាពកម្ពុជា-ចិន”។ នៅក្នុងសួននេះ ដើមស្វាយពីរដើមដែលត្រូវប្រសិទ្ធនាមថាដើមឈើមិត្តភាពចិន-កម្ពុជាបែកមេកត្រសុំត្រសាយ ។
រសៀលថ្ងៃទី៧ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីយ៉ាងឱឡារិនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១ ចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិន។ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងមន្ត្រីរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចូលរួម។
នាព្រឹកថ្ងៃទី៧ខែឧសភា ពិធីនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបានប្រារព្ធធ្វើតាមរបៀបអនឡាញនិងនៅនឹងកន្លែង។កិច្ចសហប្រតិបត្តិការនេះ បានបំពេញតម្រូវការទីផ្សារក្នុងប្រទេសចិន ម្យ៉ាងវិញទៀតក៏បានជួយបង្កើនប្រាក់ចំណូលកសិករកម្ពុជា ដើម្បីចេញផុតពីវិបត្តិជំងឺកូវីដ១៩។
ថ្ងៃទី១១ ខែមិថុនា លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិនបានតាងនាមរាជរដ្ឋាភិបាលកម្ពុជាផ្តល់មេដាយ“សហមេត្រី”ជូនដល់អ្នកជំនាញវេជ្ជសាស្ត្រចិនចំនួន៧រូបមកពីខេត្តក្វាងស៊ីដែលបានរួមចំណែកដ៏ឆ្នើមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។
ថ្ងៃទី២៨ ខែមិថុនា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើសារលិខិតជូនចំពោះសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តែងការអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា។សម្តេចតេជោហ៊ុន សែនបានផ្ញើសារលិខិតជូនចំពោះលោកXi Jinping ដើម្បីសម្តែងការអបអរសាទរខួប១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។
ថ្ងៃទី១២ ខែកញ្ញាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជានិងលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាបានចូលរួមពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយឥតសំណងរបស់ចិនជូនដល់កម្ពុជា ពិធីនេះបានផ្សាយផ្ទាល់តាម ស្ថានីយទូរទស្សន៍នៃទូទាំងប្រទេសកម្ពុជា។ដំណើរទស្សនកិច្ចរបស់លោកWang Yi បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនកម្ពុជា សម្តេចហ៊ុន សែនបញ្ជាក់ជាថ្មីម្តងទៀតថា បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងនរណា?
ថ្ងៃទី១៧ខែវិច្ឆិកា វ៉ាក់សាំងការពារជំងឺកូវីដ១៩លើកទី៧ដែលជាជំនួយរបស់ចិនផ្តល់ជូនកម្ពុជាបានដឹកមកដល់ទីក្រុងភ្នំពេញ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនកម្ពុជាជិត៣៩០០ម៉ឺនដូស ដែលច្រើនជាង៩០ភាគរយនៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបាន។បច្ចុប្បន្ន គ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជាកំពុងបើកដំណើរការឡើងវិញជាបណ្តើរៗ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។
ថ្ងៃទី២២ ខែវិច្ឆិកា វេបសាយរបស់ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយដំណឹងឱ្យដឹងថា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ កិច្ចព្រមព្រៀងនេះគឺជានិមិត្តសញ្ញាថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។
ថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានិងលោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ។
ថ្ងៃទី៦ ខែធ្នូ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជានិងលោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១។
ឆ្នាំ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានឹងមានសុពលភាពជាផ្លូវការ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុកំពុងពន្លឿនទៅមុខ មិត្តភាពចិន-កម្ពុជាកំពុងរីកចម្រើនឥតឈប់ឈរ៕