វេទិកាផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាលើកទីមួយ និងពិធីសម្ពោធបណ្តាញផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង

CRI, December 20, 2021
Size:

កាលពីថ្ងៃទី១៦ ខែធ្នូ វេទិកាផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាលើកទីមួយនិងពិធីសម្ពោធបណ្តាញផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងក្រោមប្រធានបទ“ការច្នៃប្រឌិតថ្មី ការឈានដល់គំនិតឯកភាពគ្នា និងការអភិវឌ្ឍន៍” ។ វេទិកានេះមានគោលបំណងដែលប្រមូលផ្តុំធនធានគុណភាពខ្ពស់ក្នុងវិស័យផ្លាស់ប្តូរវប្បធម៌ ការឃោសនាអន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ជំរុញបាននូវការតភ្ជាប់ទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រទេសចិននិងកម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសិក្សាស្រាវជ្រាវវិជ្ជាជីវ:ជំនាញឯកទេស និងការផ្លាស់ប្តូរផ្នែកវប្បធម៌របស់មនុស្សជាតិរវាងប្រទេសចិននិងកម្ពុជា ជំរុញការរៀនសូត្រពីគ្នាផ្នែកអរិយធម៌និងការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ បណ្តាញផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការនៅក្នុងវេទិកានេះ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកបណ្ឌិត ប្រាក់ ផាន់ណារ៉ា ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោកShu Yinbiao សមាជិកបណ្ឌិត្យសភាវិស្វកម្មចិន និងជាប្រធានក្រុមហ៊ុនឆាយណាហ័រណឹងគ្រុប លោក Lin Weijie ប្រធានសេដ្ឋវិទូ និងជាប្រធានការិយាល័យកិច្ចការពាណិជ្ជកម្មបរទេសនៃក្រុមហ៊ុនឆាយណាហ័រណឹងគ្រុប ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប   និងលោកYang Dan សាកលវិទ្យាធិកានៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំងជាដើមបានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកវេទិកា។

ថ្លែងក្នុងសុន្ទរកថា លោក Wang Wentian បានលើកឡើងថា ប្រទេសចិននិងកម្ពុជាសុទ្ធតែមានវប្បធម៌ដ៏ផូរផង់និងជ្រាលជ្រៅ ការផ្លាស់ប្តូរវប្បធម៌និងការរៀនសូត្រពីគ្នាទៅវិញទៅមកគឺជាខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីជានិច្ច។

 លោក Shu Yinbiao បានមានប្រសាសន៍ថា ការបង្កើតបណ្តាញផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជានឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀតនូវការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកលើផ្នែកអរិយធម៌រវាងចិននិងកម្ពុជា ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរយល់ដឹងពីគ្នាកាន់តែច្រើន កាន់តែជិតស្និទ្ធ និងកាន់តែរួបរួមគ្នា។

ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខទូចបានថ្លែងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិនបាននឹងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត ការបង្កើតបណ្តាញផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាគឺចំពេលល្អបំផុត។

សមាជិកនៃបណ្តាញផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជាបានសម្រេចជាឯកច្ឆន្ទថា នឹងឈរលើការបន្តវេននិងផ្សព្វផ្សាយវប្បធម៌ដ៏ត្រចះត្រចង់របស់ប្រទេសចិននិងកម្ពុជា អនុវត្តតាមគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ គាំទ្រនិងជួយគ្នាទៅវិញទៅមក មានការបរិយាប័ន្ននិងការរៀនសូត្រពីគ្នាទៅវិញទៅមក បង្កើតប្រក្រតីកម្មតាមគន្លងថ្មីសម្រាប់ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសចិននិងកម្ពុជា ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកការកសាងសហគមន៍វាសនារួមចិននិងកម្ពុជា និងទំនាក់ទំនងអន្តរជាតិបែបថ្មីក្រោមបរិបទនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕