កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ២០២១ ក្រសួងការពារជាតិកម្ពុជាបានរៀបចំពិធីប្រគល់-ទទួលសម្ភារទប់ស្កាត់ជំងឺវីរុសកូវីដ ដែលជាអំណោយរបស់ក្រសួងការពារជាតិចិន ជូនចំពោះក្រសួងការពារជាតិកម្ពុជា ដើម្បីទទួលស្វាគមន៍សម្ភារទប់ស្កាត់ជំងឺវីរុសដែលជាជំនួយឥតសំណងជំហានទី៤ របស់កងទ័ពចិន ហើយពិធីខាងលើត្រូវបានប្រព្រឹត្តទៅ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយសម្ដេចពិជ័យសេនា និងឯកឧត្តម ឯកអគ្គរដ្ឋទូតចិនក៏បានថ្លែងសុន្ទរកថា ក្នុងពិធីខាងលើផងដែរ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ ក៏បានអញ្ជើញចូលរួមក្នុងពិធីខាងលើផងដែរ។ សម្ដេចពិជ័យសេនា បានតាំងនាមឱ្យក្រសួងការពារជាតិកម្ពុជា បានថ្លែងអំណរគុណដោយស្មោះជូនចំពោះកងទ័ពរំដោះប្រជាជនចិន ដែលតែងផ្តល់ការគាំទ្រនិងជួយដល់កងយោធពលខេមរភូមិន្ទ។
សម្ដេចពិជ័យសេនាបានមានប្រសាសន៍ថា សមិទ្ធផលក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩ ដែលកម្ពុជាទទួលបានជាលំដាប់ គឺដោយសារតែផែនការគោលនយោបាយដ៏ច្បាស់លាស់ដែលកំណត់ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងដោយសារតែទទួលបានជំនួយយ៉ាងច្រើនពីរដ្ឋាភិបាលនិងកងទ័ពចិន។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩មក កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធា និងផ្តល់ជំនួយសម្ភារទប់ស្កាត់ជំងឺវីរុសយ៉ាងច្រើនមកកាន់កម្ពុជា ក្នុងនោះ ក៏រាប់បញ្ចូលទាំងវ៉ាក់សាំងកូវីដ ចំនួន១.១លានដូសផងដែរ នេះបានចាក់ឫសយ៉ាងរឹងមាំ ក្នុងការសម្រេចបាននូវកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសសម្រាប់កងយោធពលខេមរភូមិន្ទ។ ទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីចំណងមិត្តភាពដែកថែបនៃប្រទេសនិងកងទ័ពទាំងពីរ ដែលតែងតែរួមសុខរួមទុក្ខជាមួយគ្នា។
ឯកឧត្តម Wang Wentian បានមានប្រសាសន៍ថា ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក កងទ័ពទាំងពីរបានចូលរួមកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសក្នុងប្រទេសខ្លួន ដោយអនុវត្តតាមបញ្ជាដែលកំណត់ក្រោមស្មារតីមិនចុះចាញ់ភាពលំបាក និងរួមចំណែកយ៉ាងសកម្មក្នុងការការពារអាយុជីវិត សុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនេះ ប្រទេសនិងកងទ័ពទាំងពីរតែងជួយគ្នាទៅវិញទៅមក និងបានផ្តល់អំណោយជាសម្ភារទប់ស្កាត់ជំងឺវីរុសជាច្រើនលើកផងដែរ មិនត្រឹមតែបង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការកិច្ចការយោធាអន្តរជាតិប៉ុណ្ណោះទេ ក៏ជាការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចកសាងសហគមន៍វាសនារួម រវាងចិននិងកម្ពុជាផងដែរ។
ឯកឧត្តម Wang Wentian បានបន្តទៀតថា កងទ័ពទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៃយោធាទាំងពីរ បន្តលើកកម្ពស់សមត្ថភាពការពារសុវត្ថិភាពជាតិ អត្ថប្រយោជន៍អធិបតេយ្យភាព និងបម្រើប្រជាជន។ កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងកងទ័ពទាំងពីរមិនអនុញ្ញាតឱ្យប្រទេសដទៃនិយាយបង្ខូចផ្ដេសផ្ដាសឡើយ ភាគីចិនប្រឆាំងដាច់ខាតចំពោះទង្វើប្រើអំណាច ដែលយក“សេរីភាព”“សិទ្ធិមនុស្ស”“ប្រជាធិបតេយ្យ” ធ្វើជាលេសដើម្បី “ធ្វើយុត្តាធិការហួសព្រំដែន” ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
នៅក្នុងពិធីខាងលើនោះ មន្រ្តីទទួលបន្ទុកកិច្ចការបណ្ដោះអាសន្នក្នុងការិយាល័យអនុព័ន្ធយោធានៃស្ថានទូតចិន លោក Zhu Shuaifei និងនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើឯកសារប្រគល់និងទទួលជំនួយសម្ភារទប់ស្កាត់ជំងឺវីរុសខាងលើ៕