ថ្ងៃទី៤ ខែវិច្ឆិកា លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនសូមវាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់កម្ពុជា ហើយសូមចូលរួមរីករាយដោយស្មោះចំពោះសមិទ្ធិផលរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
យោងតាមផ្សាយដំណឹងឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានសមិទ្ធផលដ៏អស្ចារ្យក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ក្រោមជំនួយពីប្រទេសចិន ហើយអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសអាស៊ាន។ កាលពីពេលថ្មីៗនេះ សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ រាជរដ្ឋាភិបាលកម្ពុជានឹងលុបចោលវិធានការបិទចប់ជាបណ្តើរៗ និងស្តារផលិតកម្មឡើងវិញទាំងស្រុង។
លោកWang Wenbinបានថ្លែងទៀតថា ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែប។ ប្រទេសទាំងពីរបានរួមដៃគ្នាកសាងខ្សែការពារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលមិនអាចបំបែកបាន គឺជាគំរូដ៏ល្អមួយសម្រាប់សហគមន៍អន្តរជាតិក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រទេសចិននឹងបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទៀត ប្រសិនបើជំងឺកូវីដ១៩មិនបញ្ចប់ទេ ជំនួយរបស់ចិនសម្រាប់កម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នឹងមិនបញ្ឈប់ឡើយ។
ប្រទេសចិនក៏រីករាយរួមសហការជាមួយប្រជាជនកម្ពុជាដែលជាជាបងប្អូន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗក្នុងន័យជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីធ្វើឱ្យមិត្តភាពរវាងចិននិងកម្ពុជារឹងជាងដែក និងមាំជាងដែកថែប៕