ថ្ងៃទី១២ ខែកញ្ញាតាមម៉ោងក្នុងតំបន់ នៅក្រុងភ្នំពេញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាជាមួយ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការរបរទេសចិនដែលមកបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។
ថ្លែងក្នុងកិច្ចជំនួប សម្តេច ហ៊ុន សែនបានលើកឡើងថា កម្ពុជារីករាយរួមសហការជាមួយប្រទេសចិន ជំរុញទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិនឱ្យរីកចម្រើនទៅមុខឥតឈប់ឈរ ។ ពិតមែនតែកម្ពុជាជាប្រទេសតូចមែន ប៉ុន្តែកម្ពុជានឹងមិនរាថយដោយការរងកម្លាំងសម្ពាធអ្វីឡើយ ពោលគឺនឹងបន្តផ្តល់ការគាំទ្រដល់គោលជំហរត្រឹមត្រូវរបស់ចិនតទៅទៀតក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ចិន ដូចជាបញ្ហាពាក់ព័ន្ធដល់តៃវ៉ាន់ ហុងកុងនិងស៊ីនជាំងជាដើម ។ សម្តេចក៏បានសូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយដ៏ថ្លែថ្លាសម្រាប់ឱ្យកម្ពុជាធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កម្ពុជាសង្ឃឹមបន្តបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាមួយមិត្តចិនជាបន្តទៀត និងជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហេដ្ឋារចនាសម័្ពន្ធជាដើម ។ កម្ពុជារីករាយបង្កើនការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន បង្ការកុំឱ្យកម្លាំងខាងក្រៅមកបង្ករឿងក្នុងកិច្ចការតំបន់ ដើម្បីរួមគ្នាគាំពារសុខសន្តិភាពក្នុងតំបន់ ។
ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង លោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជាម្តងទៀត គឺដើម្បីបញ្ចេញសញ្ញាយ៉ាងច្បាស់ទៅកាន់ខាងក្រៅថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ប្រទេសចិននឹងបន្តគាំទ្ររដ្ឋាភិបាលរបស់បក្សប្រជាជនកម្ពុជាឱ្យកាន់អំណាចដោយរលូន គាំទ្រកម្ពុជាដែលមិនខ្លាចអំណាចខ្លាំងនិងប្រឆាំងអនុត្តរភាព ដើម្បីគាំពារអធិបតេយ្យភាពជាតិនិងសេចកី្តថ្លែងថ្នូររបស់ប្រជាជាតិ ចិនគាំទ្រកម្ពុជាស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ប្រទេសជាតិ ចិនជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងរយៈពេលយូរជាងគេនិងអាចជឿទុកចិត្តបានជាងគេ ។ ភាគីទាំងពីរនឹងជួយយកអាសាគ្នាទៅវិញទៅមក ប្រការនេះមិនគ្រាន់តែដើម្បីគាំពារផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងគាំពារសច្ចធម៌និងយុត្តិធម៌អន្តរជាតិ ក៏ដូចជាគាំពារផលប្រយោជន៍ត្រឹមត្រូវនៃប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ។
លោក Wang Yi បានថ្លែងទៀតថា ចិននឹងបន្តផ្តល់វ៉ាក់សាំងនិងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដល់កម្ពុជាទៀត រហូតដល់កម្ពុជាយកឈ្នះលើជំងឺកូវីដ១៩ ។ ប្រទេសចិនរំពឹងទុកក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រទេសជាប្រធានផ្លាស់វេននៃសមាគមអាស៊ាននៅឆ្នាំក្រោយ ចិននិងប្រទេសជាសមាជិកអាស៊ានអាចសម្រេចបាននូវកិច្ចពិគ្រោះពិភាក្សាស្តីពី “ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង” ក្នុងន័យកំណត់ក្រមប្រតិបតិ្តជាក់ស្តែងនិងមានប្រសិទ្ធភាពដែលសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះបូករួមទាំង«សនិ្ធសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ»ផងដែរ ដើម្បីបង្ហាញឱ្យឃើញថា ប្រទេសចិននិងប្រទេសអាស៊ានមានឆន្ទៈនិងសមត្ថភាពធ្វើការងាររបស់ខ្លួនបានយ៉ាងល្អ ៕