ថ្ងៃទី១២ ខែកញ្ញាតាមម៉ោងក្នុងតំបន់ បន្ទាប់ពីបានជួបសន្ទនាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជានៅក្រុងភ្នំពេញ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការរបរទេសចិននិងប្រមុខការទូតកម្ពុជាបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន។
លោក Wang Yi បានគូសបញ្ជាក់ថា កម្ពុជាមិនខ្លាចអំណាចខ្លាំងនិងអនុវត្តរភាពនិយម ដែលបានបង្ហាញឱ្យឃើញនូវឆន្ទៈយ៉ាងរឹងមាំរបស់ប្រជាជាតិខ្លួន ។ ប្រទេសចិនរីករាយបន្តផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការគាំពារអធិបតេយ្យភាពជាតិនិងសេចកី្តថ្លៃថ្នូររបស់ជនជាតិ ផ្តល់ការគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដោយខ្លួនឯង និងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ ខ្ញុំនិងឯកឧត្តម ប្រាក់ សុខុនបានធ្វើកិច្ចពិភាក្សាដែលប្រកបដោយប្រសិទ្ធភាព ហើយបានឈានដល់គំនិតឯកភាពគ្នា៦ចំណុច ពោលគឺ៖
ទីមួយ អនុវត្តគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំ ផ្តល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាដែលពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងៗខ្លួន ។
ទីពីរ បន្តចាប់ដៃគ្នាធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខិតខំប្រឹងប្រែងលុបបំបាត់ “គម្លាតខ្លាំងក្នុងការចែកចាយវ៉ាក់សាំង” ។
ទីបី ធ្វើកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យហេដ្ឋារចនាសម័្ពន្ធ ផលិតភាពនិងបច្ចេកវិទ្យា៥Gជាដើម ។
ទីបួន ប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាចម្បង ធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងចិននិងកម្ពុជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ទីប្រាំ រួមគ្នាជំរុញកិច្ចសហប្រតិបតិ្តការនៃអាស៊ីបូព៌ានិងទំនាក់ទំនងរវាងចិននិងអាស៊ានឱ្យឡើងដល់កម្រិតថ្មី ។
ទីប្រាំមួយ បង្កើនសាមគ្គីភាព កិច្ចសម្របសម្រួលនិងកិច្ចសហការ ហ៊ាននិយាយថាទេចំពោះអំណាចអនុត្តរភាព រួមគ្នាគាំពារសុខសន្តិភាពក្នុងតំបន់ ។
លោក Wang Yi បានលើកឡើងទៀតថា ប្រទេសចិនរីករាយរួមសហការជាមួយបងប្អូនប្រជាជនខ្មែរ ខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តការរវាងចិននិងកម្ពុជាលើគ្រប់វិស័យ និងធ្វើឱ្យមិត្តភាពរវាងចិននិងកម្ពុជារឹងជាងដែកខ្លាំងជាងដែកថែប ដើម្បីរួមចំណែកកាន់តែធំក្នុងការស្តារឡើងវិញនិងការអភិវឌ្ឍនៃប្រជាជាតិនិងប្រទេសជាតិរៀងៗខ្លួន ៕