នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុង“វេទិកាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា” ដែលរៀបចំដោយកាសែតសេដ្ឋកិច្ច ដេលី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីកម្ពុជា ។ ឯកឧត្តម សុខ ស៊ីផាណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអ្នកតំណាង និងអ្នកជំនាញការសាស្ត្រចារ្យផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសចិន និងកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកានេះ ។
ឯកឧត្តម វ៉ាង វិនធាន បានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាបានរក្សាកិច្ចសហប្រតិបត្តិការដ៏មានស្ថិរភាពក្នុងរយៈពេលយូរអង្វែងកន្លងទៅ ។ តាំងពីឆ្នាំទៅមក ជំងឺកូវីដ-១៩ បានផ្ទុះឡើងលើពិភពលោកទាំងមូល ប៉ុន្តែកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជាបានបន្តកើនឡើងជារៀងរហូត ។ ខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងអាចបន្តពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការរក្សាស្ថិរភាព និងស្វែងរកវិបុលភាពនៃទ្វីបអាស៊ី ក៏ដូចជាពិភពលោកទាំងមូលផងដែរ ។
ឯកឧត្តម សុខ ស៊ីផាណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងប្រយុទ្ធកូវីដ-១៩ ដ៏ច្រើនដល់ប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាអនុវត្តផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ។ នេះបានសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសកម្ពុជា និងចិនក្នុងគ្រាអាសន្ននេះ ។ ភាគីទាំងពីរត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយពួតដៃគ្នាដើម្បីរួចខ្លួនផុតពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុងពេលយ៉ាងឆាប់ ។
តំណាងនៃភាគីទាំងពីរបានធ្វើកិច្ចសន្ទនាគ្នាតាមអនឡាញ ក្រោមប្រធានបទ“ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ចិន-កម្ពុជា” “កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា” និង“អនាគតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា”ជាដើម ។ អ្នកជំនាញការដែលមកពីភាគីនានាបានលើកមតិថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជានាពេលបច្ចុប្បន្នគឺ មានប្រភពដើមពីការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ដែលមិនអាចបំបែកបានឡើយរវាងប្រទេសទាំងពីរ ហើយក៏បានទាក់ទងទៅនឹងទស្សនទានសហប្រតិបត្តិការដែលគោរពគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះរួមគ្នា ។ នាពេលអនាគត ប្រទេសទាំងពីរចិន និងកម្ពុជានឹងអាចមានសក្តានុពលកាន់តែធំធេង និងមានអនាគតកាន់តែភ្លឺស្វាង ។