ដោយសារការកើនឡើងនៃហានិភ័យករណីជំងឺកូវីដ១៩នាំចូលពីប្រទេសជិតខាង រដ្ឋាភិបាលឡាវបានប្រកាសកាលពីថ្ងៃទី ៤ខែមិថុនាថា នឹងពន្យារពេលវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងម្តងទៀតដោយបន្ថែមពេល១៥ ថ្ងៃទៀត ពោលគឺរហូតដល់ថ្ងៃទី ១៩ ខែកក្កដា។
លោកស្រីអនុប្រធាននៃគណៈកម្មាធិការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៃប្រទេសឡាវ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើនៅទីក្រុងវៀងចន្ទន៍នៅថ្ងៃដដែលថា ដោយសារនៅប្រទេសជិតខាងបានលេចចេញរលកថ្មី ជាពិសេសការរីករាលដាលនៃវីរុសបំប្លែងថ្មីដែលមានល្បឿនឆ្លងយ៉ាងឆាប់រហ័ស ដូច្នេះ រដ្ឋាភិបាលឡាវបានសម្រេចចិត្តបន្តអនុវត្តអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងជំងឺឆ្លង ដើម្បីធ្វើឱ្យស្ថាប័នពាក់ព័ន្ធអាចឆ្លើយតបដោយទាន់ពេលវេលាចំពោះករណីជំងឺឆ្លង។ លោកស្រីបានបន្តថា ជំងឺរាតត្បាតនេះបានបណ្តាលឱ្យពលករឡាវដែលធ្វើការនៅប្រទេសជិតខាងវិលត្រឡប់ទៅផ្ទះវិញដោយបង្ខំចិត្តដែលបានក្លាយទៅជាកត្តាមួយធ្វើឱ្យប្រទេសឡាវកំពុងរងការគំរាមកំហែងពីករណីជំងឺឆ្លងនាំចូល។