ក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន បានចុះកិច្ចព្រមព្រៀង សាងសង់ទីលានបាញ់កាំភ្លើងស្តង់ដារអន្តរជាតិ នៅខេត្តព្រះសីហនុ

CRI, June 16, 2021
Size:

  

   ភ្នំពេញ ៖ សហព័ន្ធកីឡាបាញ់ កាំភ្លើងកម្ពុជាបានឱ្យដឹងថា ទីលានបាញ់កាំភ្លើងស្តង់ដារអន្តរជាតិ នៅខេត្តព្រះសីហនុដែលសាងសង់ដោយក្រុមហ៊ុនចិន នឹងក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរណជាតិ និងអន្តរជាតិមកលេងកម្សាន្ត ពិសេសគឺជាគោលដៅដ៏ធំចម្បងក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣។ 

  ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមាន ប្រសាសន៍ថា កន្លងមកទីលានបាញ់កាំភ្លើងនៅកម្ពុជា នៅមិនទាន់ឆ្លើយតបទៅនឹងកម្រិតមាត្រដ្ឋាន(ឬស្តង់ដារ)អន្តរជាតិតាមស្តង់ដារអូឡាំពិកឬស៊ីហ្គេមនៅឡើយទេ ។ ដូចនេះទើបសហព័ន្ធសម្រេចជ្រើសរើសយកឧទ្យានជាតិរាម ខេត្តព្រះសីហនុ ធ្វើជាទីលាន ដោយ សហព័ន្ធ ក្រោយពីមើលឃើញថា នៅរាជធានីភ្នំពេញមានកីឡាច្រើនប្រភេទប្រកួត ទើបសម្រេចយកខេត្តព្រះសីហនុ ជាគោលដៅទេសរចណ៍តំបន់ឆ្នេរដ៏មានសក្តានុពលមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺកីឡាករ កីឡាការិនីអន្តរជាតិ។ 

  ឯកឧត្តមបន្តថា ទីលានបាញ់ កាំភ្លើងស្តង់ដារអន្តរជាតិនេះ គឺសហព័ន្ធបានកំណត់ការសាងសង់ក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ  ដើម្បីឱ្យក្រុមជម្រើសជាតិបាញ់កាំភ្លើងកម្ពុជាស្នាក់នៅ-ហ្វឹកហាត់អភិវឌ្ឍសមត្ថភាព ត្រៀមឆ្ពោះទៅរកការប្រកួតកម្រិតអន្តរជាតិនានា ពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តទៀតថា ការសាងសង់ទីលានបាញ់កាំភ្លើងថ្មីនេះ ត្រូវបានកំណត់ជាទីលានស្របតាមស្តង់ដារអន្តរជាតិអូឡាំពិកដែលនឹងអាចជួយជំរុញដល់ការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងជួយចូលរួមដល់ការការពារគ្រប់គ្រងអាវុធ ដើម្បីសុខសុវត្ថិភាពសង្គម។

  ឯកឧត្តមបន្តថា ដោយសារការអភិវឌ្ឍន៍របស់ក្រុមហ៊ុនYee jia បានសន្យាជួយផ្គត់ផ្គង់ទីកន្លែង សម្ភារបច្ចេកទេស និងធនធានជាដើម ប៉ុន្តែយើងមិនមែនពឹងផ្អែកទៅលើគាត់ទាំងស្រុងនោះទេ ព្រោះការសហការនេះ នឹងនាំមកនូវការអភិវឌ្ឍន៍ជាច្រើន។

  គួរជម្រាបថា កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជានិងក្រុមហ៊ុន Yeejia  Tourism    Development Company LTD បានចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការសាងសង់ និងផ្គត់ផ្គង់ ក្នុងតំបន់ទេសចរណ៍រាម បូទិក ដែលមានគម្រោងសាងសង់រយៈពេល ១ឆ្នាំ។

  ទីលានបាញ់កាំភ្លើងស្ដង់ដារអន្ដរជាតិនេះ នឹងសាងសង់លើផ្ទៃដីសរុប ២៥ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ ២ ទៅ ៣លានដុល្លារ។