សភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាបើកធ្វើកិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងតាមប្រព័ន្ធវីដេអូ

CRI, May 26, 2021
Size:

ថ្ងៃទី ២៤ ខែឧសភា កិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងនៃសភាតំណាងប្រជាជនទូទាំងប្រទេសសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ បានបើកធ្វើនៅទីក្រុងប៉េកាំងប្រទេសចិន   

ក្នុងកិច្ចប្រជុំ តំណាងសមាជិកសភាវ័យក្មេងរបស់ប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់ក្រោមប្រធានបទមួយចំនួន ដូចជាការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងវិបុលភាពសម្រាប់មនុស្សជាតិ តាមរយៈកិច្ចគាំទ្រឥតឈប់ឈរ និងសហការគ្នាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈក្នុងអំឡុងពេលនិងក្រោយជំងឺកូវីដ ១៩ រាតត្បាត។ ការកាត់បន្ថយផលប៉ះពាល់នៅលើសេដ្ឋកិច្ចសង្គមដោយជំងឺកូវីដ ១៩ និងការលើកកម្ពស់នូវភាពធន់ក្រោយការរាតត្បាតជាសកលនៃជំងឺនេះ  បទពិសោធន៍និងទស្សនទាន។ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេស ទំនាក់ទំនងនៃសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ។

ថ្លែងក្នុងសុន្ទរកថា លោកស្រី Wang Hongyan សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងជាលេខាធិការអចិន្រ្តៃយ៍នៃលេខាធិការដ្ឋានមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិមនៃសហភាពសហព័ន្ធយុវជនបក្សកុម្មុយនិស្តចិនបានលើកឡើងថា គួរតែដើរតួនាទីនៃឧត្តមភាពរបស់តំណាងនៃស្ថាប័ននីតិប្បញ្ញត្តិក្នុងការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយប្រជាជន បន្តវេនរឹតបន្តឹងចំណងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់ ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សំដៅជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស 

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេង នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងសុន្ទរកថាថា កិច្ចប្រជុំលើកនេះនឹងជំរុញថែមទៀតនូវការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងស្ថាប័ននីតិប្បញ្ញតិ្តនៃប្រទេសកម្ពុជានិងចិន ព្រមនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ 

ការប្រាស្រ័យទាក់ទងរវាងស្ថាប័ននីតិប្បញ្ញត្តិគឺជាចំណែកដ៏សំខាន់មួយនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងកម្ពុជា  អស់កាលជាយូរណាស់មកហើយ សភាតំណាងប្រជាជនទូទាំងប្រទេសចិននិងរដ្ឋសភាជាតិកម្ពុជា ក៏ដូចជាព្រឹទ្ធសភាកម្ពុជាមានការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតលើវិស័យទ្វេភាគីនិងពហុភាគី  កិច្ចប្រជុំលើកនេះគឺកិច្ចប្រជុំផ្លាស់ប្តូរលើកដំបូងរវាងតំណាង សមាជិកសភាវ័យក្មេងរបស់ប្រទេសទាំងពីរចិននិងកម្ពុជាដែលប្រព្រឹត្តិទៅក្រោមបរិបទនៃការរីករាលដាលនៃជំងឺឆ្លង  កិច្ចប្រជុំលើកនេះបានបង្កើនការយល់ដឹងពីគ្នារវាងភាគីទាំងពីរ ព្រមនិងបញ្ចូលកម្លាំងរស់រវើកថ្មីសម្រាប់ទំនាក់ទំនងដ៏មេត្រីភាពរវាងប្រទេសចិននិងកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរផងដែរ