ក្រសួងការបរទេសចិន៖ចិនយកចិត្តទុកដាក់ខ្ពស់នឹងទំនាក់ទំនងរវាងចិននិងកម្ពុជា នឹងបន្តខិតខំកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា

CRI, May 25, 2021
Size:

      ថ្ងៃទី២១ ខែឧសភា  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទការសែតជាប្រចាំ។មានអ្នកកាសែតបានសួរថា តាមការផ្សាយព័ត៌មាន ក្នុងកិច្ចប្រជុំអន្តរជាតិ«អនាគតរបស់អាស៊ី»កាលពីថ្ងៃទី២០ ខែឧសភា ជុំវិញការចោទថាកម្ពុជាពឹងផ្អែកលើចិនដោយហួសកម្រិតពេក  សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានតបថា “បើគ្មានជំនួយរបស់ចិនតើឱ្យកម្ពុជាពឹងនរណា?”  សម្តេច ហ៊ុន សែន បានបន្ថែមទៀតថា ចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា  ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ចិនមិនអាចកង្វះខាតបានទេ។ តើភាគីចិនវាយតម្លៃយ៉ាងណាអំពីប្រការនេះ? 

      លោក Zhao Lijian បានថ្លែងថា  ប្រទេសចិនសូមកោតសរសើរការសម្តែងឥរិយាបថពាក់ព័ន្ធរបស់សម្តេច ហ៊ុន សែន  សម្តេច ហ៊ុន សែន ជាអ្នកនយោបាយជើងចាស់ក្នុងតំបន់ ក៏ជាមិត្តល្អនិងមិត្តចាស់ដ៏គួរឱ្យគោរពរបស់ប្រជាជនចិនដែរ  សម្តេចមានប្រាជ្ញាវាងវីខាងនយោបាយនិងចក្ខុវិស័យយុទ្ធសាស្ត្រដ៏មុតមាំ  តែងតែប្រកាន់ខ្ជាប់នូវគោលជំហរសត្យានុម័តនិងយុត្តិធម៌ក្នុងបញ្ហាសំខាន់ៗ  សម្តេចមិនគ្រាន់តែបានផ្តល់វិភាគទានដ៏លេចធ្លោក្នុងការអភិវឌ្ឍកម្ពុជានិងការគាំពារសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរតែប៉ុណ្ណោះទេ ថែមទាំងបានខិតខំតស៊ូក្នុងការគាំពារប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់និងអន្តរជាតិផងដែរ។

      លោក ZhaoLijian បានគូសបញ្ជាក់ថា   ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងទំនាក់ទំនងរវាងចិននិងកម្ពុជា ប្រទេសទាំងពីរបានខិតខំផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី និងរួមគ្នាកសាងសហគមន៍រួមវាសនាចិន-កម្ពុជាយ៉ាងសកម្ម។ ដូចនឹងប្រសាសន៍របស់សម្តេច ហ៊ុន សែន  ប្រទេសចិនផ្តល់ជំនួយឧបត្ថមដល់កម្ពុជាដោយចិត្តស្មោះ គ្មានភ្ជាប់លក្ខខណ្ឌអ្វីទេ។ ចិនបានហើយនឹងបន្តផ្តល់ជំនួយតាមលទ្ធភាពរបស់ខ្លួនដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន  ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជា ទទួលបានផលប្រយោជន៍ប្រាកដប្រជាពីក្នុងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នារវាងកម្ពុជានិងចិន៕