កម្ពុជានាំចេញផ្លែស្វាយស្រស់ជាលើកដំបូងដោយផ្ទាល់ទៅកាន់ប្រទេសចិន

lmcchina.org, May 11, 2021
Size:

  ព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ ពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងដោយផ្ទាល់ទៅកាន់ប្រទេសចិនបានប្រារឰនៅក្នុងក្រុមហ៊ុន ហ៊ុនទី គ្រុប ដែលស្ថិតនៅជាយរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ ។ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ

  លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា ការនាំចេញផ្លែស្វាយពីកម្ពុជាទៅប្រទេសចិននឹងអាចជំរុញការអភិវឌ្ឍផលិតកម្មស្វាយនៃប្រទេសកម្ពុជា បង្កើនចំណូលរបស់ប្រជាកសិករខ្មែរ នេះមានសារៈសំខាន់ណាស់ក្រោមបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាបានរងឥទ្ធិពលពីជំងឺកូវីដ-១៩ ។ លោកបានបញ្ជាក់ថា នេះជាវិធានការសំខាន់មួយដែលប្រទេសចិនជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីកើតជំងឺកូវីដ-១៩ ។ កសិកម្ម និងការច្នៃប្រឌិតកសិផលគឺជាវិស័យសំខាន់សម្រាប់កែលម្អជីវភាពរស់នៅរបស់ប្រជាជនខ្មែរ យើងសង្ឃឹមថានឹងអាចមានសហគ្រាសចិនកាន់តែច្រើនទៅធ្វើវិនិយោគលើវិស័យពាក់ព័ន្ធក្នុងប្រទេសកម្ពុជា

  ឯកឧត្តម វ៉ាង វិនធាន បានថ្លែងថា ចិន និងកម្ពុជាមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស្អិតល្មួត ប្រទេសចិនបានជាប់ឈ្មោះជាទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ ក្រោយពីផ្លែចេកកម្ពុជាត្រូវបាននាំចេញដោយផ្ទាល់ទៅប្រទេសចិននៅខែឧសភា ឆ្នាំ ២០១៩ រៀងមក ទំហំនៃការនាំចេញផ្លែចេកពីកម្ពុជាទៅចិនបានកើនឡើងពីមួយម៉ឺនតោននៅឆ្នាំ ២០១៨ ដល់ទៅ ៣៣ ម៉ឺនតោននៅឆ្នាំ ២០២០ ។  ឯកឧត្តមបានបញ្ជាក់ថា ក្រោយពីប្រទេសចិនបានបើកចំហនូវទីផ្សារផ្លែស្វាយចំពោះប្រទេសកម្ពុជា ផលិតកម្មស្វាយនៃប្រទេសកម្ពុជានឹងអាចរីកចម្រើនដូចផ្លែចេក ហើយទទួលសមិទ្ធផលកាន់តែច្រើនគួរឱ្យកត់សម្គាល់ ផ្តល់ឱកាសការងារកាន់តែច្រើនដល់កសិករខ្មែរ បង្កើនចំណូល និងកែលម្អជីវភាពរស់នៅរបស់កសិករខ្មែរ ព្រមទាំងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ