ស្មារតីគំរូនឹងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ទៀត កម្លាំងគំរូចិននិងកម្ពុជាជំរុញឱ្យមនុស្សខិតខំប្រឹងប្រែងរីកចម្រើនទៅមុខ

CRI, May 6, 2021
Size:

      លោក ចិង វៃ ជាគ្រូពេទ្យនៃមណ្ឌលសុខភាពនៅសហគមន៍នៃ ឃុំPengqiao ក្រុងDengzhou ខេត្តហឺណានប្រទេសចិន ឆ្នាំនេះលោកមានអាយុ៥៦ឆ្នាំហើយ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក លោកប្រកាន់ខ្ជាប់ការបំពេញការងារនៅតាមជនបទ ដែលបានផ្តល់សេវាកម្មផ្នែកសុខាភិបាលដល់អ្នកជំងឺនៅតំបន់ក្រីក្រ ។ ដោយមកពីលោកបានខិតខំប្រឹងប្រែងធ្វើការងារ បានជាលោកទទួលបានគោរមងារជាច្រើន ដូចជា “គ្រូពេទ្យដ៏ឆ្នើមនៅតាមជនបទនៃខេត្តហឺណាន” “ បុគ្គលគំរូខាងសីលធម៌វិជ្ជាជីវៈនៃខេត្តហឺណាន” និង  “បុគ្គលគំរូទូទាំងប្រទេសចិន” ជាដើមជាបន្តបន្ទាប់ ។

      បន្ទាប់ពីត្រូវជ្រើសតាំងជាបុគ្គលគំរូទូទាំងប្រទេសចិន លោកចិង វៃនៅតែជាប់រវល់ការងារនៅឃុំPengqiaoដដែល ជាពិសេស គឺក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ លោកបានដឹកនាំបុគ្គលិកពេទ្យនៃមណ្ឌលសុខភាព បរិច្ចាគប្រាក់និងសម្ភារៈ ខិតខំប្រឹងប្រែងធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង បានសម្រេចភារកិច្ចរបស់ខ្លួនដោយគាប់ប្រសើរ ។

      តាំងពីដើមមក វប្បធម៌ប្រពៃណីចិនក៏បានយកចិត្តទុកដាក់ដល់ការបន្តវេនស្មារតីពលកម្ម និងការផ្សព្វផ្សាយវប្បធម៌ពលកម្ម ។ ជារៀងរាល់ឆ្នាំ ប្រទេសចិនសុទ្ធតែជ្រើសរើសបុគ្គលគំរូនៅទូទាំងប្រទេសចិន ព្រមនិងរៀបចំធ្វើមហាសន្និបាតនិងពិធីចែកប័ណ្ណសរសើរយ៉ាងឧឡារឹកដើម្បីកោតសរសើរបុគ្គលគំរូខាងវិស័យផ្សេងៗនិងអ្នកបំពេញការងារឈានមុខ ។ បុគ្គលគំរូជាតំណាងដ៏ឆ្នើមរបស់ពលករដ៏ច្រើនកុះករ ហើយបានបង្ហាញឱ្យឃើញនូវសីលធម៌ដ៏ល្អប្រសើររបស់ប្រជាជនចិន ពួកគេមានកិត្តិនាមដ៏ខ្ពង់ខ្ពស់ ហើយក៏ទទួលបានការគោរពពីសំណាក់ប្រជាជនផងដែរ ។

      រីឯនៅប្រទេសកម្ពុជា ប្រជាជនក៏យកចិត្តទុកដាក់ដល់ស្មារតីដែលឧស្សាហ៍ព្យាយាមបំពេញការងារ យកចិត្តទុកដាក់ដល់ការសិក្សាជំនាញនិងមានទេពកោសល្យ ក៏ដូចជាស្មារតីផ្សព្វផ្សាយនិងបន្តវេនវប្បធម៌ប្រពៃណីខ្មែរផងដែរ ។ លោកស្រី ឌីម សាងីម មានអាយុ៥១ឆ្នាំហើយ លោកស្រីរៀនត្បាញកន្ទេលពីដូនតា។ ចាប់ពីអាយុ១៥ ឆ្នាំលោកស្រីក៏បានចាប់ផ្តើមប្រកបរបរជាអ្នកត្បាញកន្ទេលក្រហម ។ ពិតមែនតែបច្ចុប្បន្ន លោកស្រីជួបការលំបាកក្នុងការត្បាញកន្ទេល ប៉ុន្តែគាត់មិនបោះបង់ព្រោះតែក្តីស្រឡាញ់ ។ លោកស្រីសង្ឃឹមក្មេងជំនាន់ក្រោយអាចចូលចិត្តនិងយកចិត្តទុកដាក់ដល់សិប្បកម្មប្រពៃណីនេះ ហើយនឹងជួយថែរក្សារបរត្បាញកន្ទេលផងដែរ ។ លោក ចាន់ សោភ័ន គឺជាអ្នកច្នៃម៉ូតសំលៀកបំពាក់ខ្មែរបុរាណមួយរូប ដែលបានបញ្ចប់ការសិក្សាពីបរទេស ។ គាត់បានបោះបង់ឱកាសការងារនៅបរទេសត្រឡប់មកស្រុកកំណើតដើម្បីស្រាវជ្រាវចងក្រងសម្លៀកបំពាក់ខ្មែរតាំងពីសម័យបុរេប្រវត្តិ ។ លោកបានចំណាយពេលវេលាជាច្រើនឆ្នាំធ្វើការស្រាវជ្រាវអំពីម៉ូតសំលៀកបំពាក់ខ្មែរ ដោយបានធ្វើដំណើរទៅកាន់តំបន់នានាទូទាំងប្រទេសកម្ពុជា និងប្រទេសជិតខាងដូចជាប្រទេសថៃ និងឡាវ ដែលដែនដីខ្លះជាអតីតទឹកដីនៃប្រទេសកម្ពុជា ដើម្បីស្រាវជ្រាវចងក្រងសម្លៀកបំពាក់ខ្មែរតាំងពីសម័យបុរេប្រវត្តិ ។ លោកសង្ឃឹមនៅថ្ងៃអនាគត  លោកអាចបង្កើតជាសារមន្ទីរសម្លៀកបំពាក់មួយក្នុងប្រទេសកម្ពុជា ដើម្បីអោយកូនខ្មែរគ្រប់រូបអាចមានឱកាសបានសិក្សារស្វែងយល់អំពីម៉ូតសំលៀកបំពាក់របស់ខ្មែរ ។

      មិនថានៅប្រទេសចិនឬមួយក៏នៅប្រទេសកម្ពុជាក្តី ក្នុងសង្គមបច្ចុប្បន្ន ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រជាជនកាន់តែគោរពនិងយកចិត្តទុកដាក់ដល់ស្មារតីបុគ្គលគំរូ ។ ការបន្តវេនវប្បធម៌ត្រូវមានស្មារតីគំរូ ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវមានស្មារតីគំរូ ហើយការធ្វើកំណែងទម្រង់និងច្នៃប្រឌិតថ្មីកាន់តែត្រូវមានស្មារតីគំរូផងដែរ ។ ក្នុងនាមជាតំណាងដ៏ឆ្នើមនៃអ្នកបំពេញការងារដ៏ច្រើនកុះករក្នុងមុខរបរគ្រប់បែបយ៉ាង ពួកគេបានបង្កើតស្នាដៃមិនធម្មតាក្នុងការងារធម្មតា ពួកគេជាទ្រព្យសម្បតិ្តក្នុងសង្គមនិងប្រជាជាតិរៀងខ្លួនផង ហើយក៏ជាកម្លាំងចលករសម្រាប់ជំរុញសង្គមទាំងមូលឱ្យរីកចម្រើនទៅមុខដោយរឹតមាំ ។

      ជាពិសេស ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ស្មារតីគំរូបានបន្ថែមខ្លឹមសារថ្មី ។ ប្រឈមនឹងការរីករាលដាលជំងឺឆ្លងដែលស្រាប់តែផ្ទុះឡើង មិនថានៅប្រទេសចិនឬក៏នៅប្រទេសកម្ពុជាក្តី បុគ្គលិកទេព្យបានធ្វើការងារទាំងយប់ទាំងថ្ងៃ ហើយនិងខិតខំប្រឹងប្រែងបំពេញការងារដើម្បីបង្ការនិងគ្រប់គ្រងជំងឺឆ្លង អ្នកទាំងអស់គ្នាមិនអើពើនឹងគ្រោះថ្នាក់ ឧស្សាព្យាយាមបំពេញការងារ  ដែលបានប្រមូលផ្តុំនូវកម្លាំងដ៏ខ្លាំងក្លាដើម្បីយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។

      ប្រឈមនឹងភាពលំបាក ស្មារតីគំរូអាចដើរតួនាទីណែនាំ ហាក់ដូចជាចង្កៀងបង្ហាញផ្លូវដែលអាចធ្វើឱ្យប្រជាជនយកឈ្នះលើឧបសគ្គនិងហ៊ានរ៉ាប់រងទំនួលខុសត្រូវ ។ ពលកម្មអាចត្រួសត្រាយអនាគត ការតស៊ូព្យាយាមអាចសម្រេចបាននូវសុបិន ។ ក្នុងយុគសម័យថ្មី ការផ្សព្វផ្សាយស្មារតីគំរូ ពោលគឺត្រូវបន្តពង្រីកស្មារតីគំរូដែលបំពេញការងារដ៏ឧស្សាព្យាយាម ស្មោះត្រង់និងប្រកបដោយលក្ខណៈច្នៃប្រឌិតថ្មី និងលើកទឹកចិត្តឱ្យប្រជាជនទាំងអស់រួមបញ្ចូលឧត្តមគតិរបស់ខ្លួនទៅក្នុងបុព្វហេតុដ៏មហិមាដែលនឹងធ្វើឱ្យប្រទេសជាតិមានភាពរុងរឿងនិងស្តារវិបុលភាពរបស់ប្រជាជាតិឡើងវិញ ហើយធ្វើឱ្យការធ្វើពលកម្មមានកិត្តិយស និងការបង្កើតភាពអស្ចារ្យនិងអច្ឆរិយ ក្លាយជារឿងគួរឱ្យកោតសរសើរក្នុងយុគសម័យនេះ ៕